Ad Code

ជម្រុះ​TV5 Boxing Knock Out Series លើក​ទី​៣​ ៖​ អេ ហនុមាន ជួប រិ​ន ដេវីត , ផាន់ សុផាត ជួប សំរាំង ភក្តី



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នា​ថ្ងៃ​សៅ​រិ៍​ទី​១៦​មីនា​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​៣ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់ ៤ រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​ទៀត​នោះ។

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៣​នេះ អេ ហនុមាន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​រិ​ន ដេវីត អ្នក​ប្រដាល់​ក្លិប​ចតុមុខ​កីឡា ។ ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។

សម្រាប់​ការជួបគ្នា​រវាង​អេ ហនុមាន និង រិ​ន ដេវីត​នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា រិ​ន ដេវីត ទំនងជា​មិន​ឈ្នះ​អេ ហនុមាន នោះឡើយ ។ ព្រោះ​អេ ហនុមាន វាយ​បុក​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ជាង​ដេវីត ហើយ​មួយទៀត​ហនុមាន គេ​ជា​អ្នក​ប្រដាល់​ដែល​ស្គាល់​រេញ​មុន​ដេវីត ។ ចាំមើល តើ​អេ ហនុមាន អាច​យកឈ្នះ​រិ​ន ដេវីត បានដែរ​ឬ​អត់ ?។

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ផាន់ សុផាត អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង សំរាំង ភក្តី អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា ផាន់ សុផាត អាច​យកឈ្នះ​សំរាំង ភក្តី បាន​ឬ​អត់​នោះទេ ? ព្រោះថា សំរាំង ភក្តី​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​កម្លាំង​កាយសម្បទា​ខ្លាំង​ជាង​ផាន់ សុផាត ហើយ​ណាមួយ​លើក​នេះ ជាការ​ប្រកួត​ដែល​មិនអាច​ធ្វេសប្រហែស​បាន គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន ។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ?។

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។ ជុំ​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ជុំ​ទី​៤ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ។

ចំពោះ​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ​នោះ ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ត្រូវគេ​ផ្តល់​ឱកាស អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​វ៉ាន់ ចាន់​វ៉េ​ត ។​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម។

ចៅ ផល​ឌឿ វិញ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុក​ខ្មែរ ។ ចាំមើល តើ​ចៅ ផល​ឌឿ អាច​យកឈ្នះ​វ៉ាន់ ចាន់​វ៉េ​ត បាន​ឬ​អត់ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ?​។​

សូម​បញ្ជាក់​ថា មកដល់ពេលនេះ គេ​រកឃើញ​អ្នកខ្លាំង​ទម្ងន់​៥៤​គីឡូក្រាម​ចំនួន​៤​រូប​ហើយ ដែល​បាន​កក់​កៅអី​នៅក្នុង​វគ្គ​ប្រកួត​ជុំ​ទី​២។ ក្នុងនោះ មាន​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​,​ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​,​ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា និង គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu