Ad Code

អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ



ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ បាន​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១២ និង​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ​ត្រូវ​ពង្រឹង​សន្តិសុខ ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ជំរុញ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បញ្ហា​ការពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​គឺជា​រឿង​សំខាន់​មួយ​ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់ ឲ្យ​បាន​ខ្លាំងក្លា​ទៅតាម​ការដាក់ចេញ​រប​ស់​ក្រសួងមហាផ្ទៃ ទប់ស្កាត់ អំពើចោរកម្ម​ចោរលួច​ចោរប្លន់ ដោយ​ត្រូវដាក់​កម្លាំង នៅ​តំបន់​ដែលមាន​បញ្ហា​ស្មុគស្មាញ ហើយ​បញ្ហា​ការជួញដូរ​មនុស្ស ក៏​ត្រូវតែ​ពង្រឹង​និង​យកចិត្តទុកដាក់​ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​នេះ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​មកលើ​អាជ្ញាធរ​និង​សមត្ថកិច្ច​របស់​យើង។

លោក បញ្ជាក់ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ​គឺជា​ការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​យើងទាំងអស់គ្នា​ក្នុងនាម​ជា​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ​ត្រូវតែ​យកចិត្តទុកដាក់​រួមគ្នា​ដើម្បី ការងារ​នេះ​ឱ្យ​បានល្អ​ប្រសើរឡើង ទោះបី​ការងារ មួយចំនួន​យើង​អនុវត្ត​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ​ក្តី។

ពាក់ព័ន្ធ​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍ លោក​ឃួ​ង​ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ ដោយ​ត្រូវ​ចាត់​ក្រុមមន្ត្រី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តំបន់ ដែល​ងាយ​នឹង​មានការ​កកស្ទះ​ចរាចរណ៍ ដោយ​យើង​ដាក់​កម្លាំង​ដើម្បី​ដោះ​លើ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ ហើយ​បើ​នៅ​ខណ្ឌ​ណា​មាន​កម្លាំង​មិន​គ្រប់​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ អាជ្ញាធរ​រាជធានី​ចាត់វិធានការ​បន្តទៀត។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​នឹង​រៀបចំ​ផ្លូវ​មួយចំនួន​ទៅជា​ផ្លូវ​ឯកទិស​ឲ្យ​បាន​ច្រើន​បំផុត ផ្តល់​លទ្ធភាព​ឲ្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​អាចធ្វើ​ចរាចរណ៍​បាន​លឿន​បម្រើ​ទៅតាម​ការចង់បាន​រប​ស់​បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​ចំពោះ​ការសង់​រូប​បុណ្យ រោងការ​នៅលើ​ផ្លូវ​សាធារណៈ​គឺ​អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​ធ្វើការ​ណែនាំ​ដាច់ខាត មិន​ឲ្យ​ពួកគាត់​សាងសង់​រោង​នៅលើ​ទ្រូងផ្លូវ​បិទ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឡើយ។

ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​លោក​ឃួ​ង​ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ហើយក៏​ដល់ពេល​ដែល​យើង​ត្រូវ​វះ​យក​សាច់​ស្អុយ​ចេញ គឺ​មិន​ឲ្យ​មានការ​យកលុយ​ក្រៅច្បាប់​កំណត់​នោះទេ។

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ឃួ​ង​ស្រេង ក៏បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការបង្ការ​គ្រោះ​អគ្គិភ័យ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល អាកាសធាតុ​ពេលនេះ​ មានការ​ប្រែប្រួល​និង​ក្តៅ​ខ្លាំង ហើយ​នៅ​តំបន់​មួយ​ចំនួន​ក៏​ទទួលរង​នូវ​ការ​ឆាបឆេះ​ដោយ​អគ្គីភ័យ​ដែរនោះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu