Ad Code

កម្ពុជា​កង្វះខាត​ថាមពល​អគ្គិសនី​ប្រមាណ​៤០០​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​១៣​ភាគរយ ហើយ​បញ្ហា​ប្រឈម​នេះ អាច​អូសបន្លាយ​ដល់​ចុងខែ​ឧសភា



ភ្នំពេញ​ ៖ សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​កង្វះខាត​ថាមពល​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ជាទូទៅ​ប្រមាណ​៤០០​មេ​ហ្កា​វ៉ា​ត់ ដែល​ស្មើនឹង​១៣​ភាគរយ ហើយ​បញ្ហា​ប្រឈម​នេះ អាច​អូសបន្លាយ​ដល់​ចុងខែ​ឧសភា។ បញ្ហា​នេះ បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង កើតចេញពី​បម្រែបម្រួល​អាកាសធាតុ នាំឱ្យមាន​ការខ្វះ​ទឹក​ខុស​ប្រក្រតី រួមផ្សំ​នឹង​ការកើនឡើង នូវ​ការប្រើប្រាស់​យ៉ាងគំហុក​ក្នុង​វិស័យ​សំណង់ ទើប​ធ្វើឱ្យ​ប្រភព​ថាមពល​អគ្គិសនី ពុំ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដូច​រដូវប្រាំង​សព្វមួយដង​។​

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានលើកឡើង​យ៉ាងនេះ​ថា “​អភូត​ហេតុនេះ គឺ​បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​កើតចេញពី​បម្រែបម្រួល​អាកាសធាតុ គឺ​នាំឱ្យមាន​ការខ្វះ​ទឹក​ខុស​ប្រក្រតី រួមផ្សំ​នឹង​ការកើនឡើង នូវ​ការប្រើប្រាស់​យ៉ាងគំហុក ក្នុង​វិស័យ​សំណង់​ផងដែរ ដែលមាន​កំណើន​៧០០​ភាគរយ បានធ្វើឱ្យ​ប្រភព​ថាមពល​អគ្គិសនី ពុំ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដូច​រដូវប្រាំង​សព្វមួយដង​។ ទោះជា​យ៉ាងណា នេះ​គឺជា​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​មួយ​សម្រាប់​កម្ពុជា ហើយ​អាច​អូសបន្លាយ​ដល់​ត្រឹម​ចុងខែ​ឧសភា ពោល​គឺមាន​រយៈពេល​៧២​ថ្ងៃ ដែលមាន​កង្វះខាត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេ​ហ្កា​វ៉ា​ត់ ស្មើនឹង​១៣% សម្រាប់​ផ្គត់ផ្គង់​ជាទូទៅ​”​។​

ទាក់ទង​បញ្ហា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែលមាន​ម៉ាស៊ីនភ្លើង អាច​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ជំនួស នៅពេលដែល​មានការ​ដាច់​ភ្លើង ឬ​ត្រូវ​ការផ្ដាច់​ភ្លើង​។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ លោក​បាន​ចាត់​ឲ្យ​លោក កែវ រតនៈ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី ក្នុងការ​ចាក​ចេញទៅ​ប្រទេស​តួ​រ​គី​ជាបន្ទាន់ ដើម្បី​ចរចា​នាំ​នាវា​ផលិត​អគ្គិសនី (២០០​មេ​ហ្កា​វ៉ា​ត់​) មកកាន់​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ​ផងដែរ​។

អ្វី​ដែលជា​ផល​លំបាក និង​ការ​ប្រឈម​ក្នុង​រយៈពេល​ខ្លី​នេះ ទឹក​ក៏​ជា​បញ្ហា​រួមផ្សំ​នឹង​អគ្គិសនី​ផងដែរ ដូច្នេះ​សម្តេច​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​ខិតខំ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក ទាំង​នៅ​ទីក្រុង ក៏​ដូច​នៅ​ជនបទ ដោយសារ​ឆ្នាំនេះ គឺជា​ឆ្នាំ​ដែល​រាំងស្ងួត​ក្នុង​រយៈពេល​វែង ហើយ​អូស​បន្លាយ​រហូតដល់​ចុងខែ​ឧសភា។

ទាក់ទង​បញ្ហា​នេះ លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២២ ខែមីនា ថា នៅ​ឆ្នាំ​២០២០ ខាងមុខនេះ បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នឹងមិន​ចោទ​ជា​បញ្ហា​ទៀត​ទេ ដោយសារតែ​កម្ពុជា ចាប់ផ្តើម​ដំណើរការ​ម៉ាស៊ីន​ប្រើ​ថាមពល​សូ​ឡា និង​ទិញ​អគ្គិសនី​ពី​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ដែលមាន​ថាមពល​អគ្គិសនី សរុប​៥៤០​មេ​ហ្គា​វ៉ា​ត់។

លោក​បញ្ជាក់ដែរថា នៅ​ចុងឆ្នាំ​២០១៩​នេះ នឹងមាន​ម៉ាស៊ីន​ថ្មីៗ​ដែល​កម្ពុជា​បាន​ត្រៀម នឹង​ចាប់ផ្តើម​ដំណើរការ ជាមួយនឹង​ថាមពល​អគ្គិសនី​១៥០​មេ​ហ្គា​វ៉ា​ត់ បញ្ចេញ​សូ​ឡា​ថាមពល​ពន្លឺព្រះអាទិត្យ​៦០​មេ​ហ្គា​វ៉ា​ត់ ទិញ​ពី​ថៃ​២៥០ មេ​ហ្គា​វ៉ា​ត់ និង​ទិញ​ពី​ឡាវ​ជាង​២០០​មេ​ហ្គា​វ៉ា​ត់​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu