សៀមរាប ៖ ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កំណាត់ផ្លូវលំក្រាលក្រួសក្រហមប្រវែង៣០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានជួសជុលរួចរាល់ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋលោកស្រី ប្រធានមូលនិធិ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានកើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ការចំណាយក្នុងការជួសជុលផ្លូវនេះ គឺជាថវិកាផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងធ្វើការជួសជុលដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន។ សមិទ្ធផលនេះ ក៏ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានផងដែរ ដែលជាសេនាធិការឱ្យ ស្រុក ខេត្ត និងរាជរដ្ឋាភិបាលក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ និងដឹកនាំកសាងអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះសូមអោយបងប្អូន ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ ជួយថែរក្សាផ្លូវនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួម។
ក្នុងឱកាសនោះលោកស្រីក៏បានពាំនាំ នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើសួរសុខទុក្ខលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ ថាសូមអោយបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសការបើកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគំាទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារហូតមក។
លោកមេឃុំឃុនរាម បានអោយដឹងដែរ ថា កន្លងមកផ្លូវនេះ ជាពិសេសក្នុងរដូវវស្សា គឺមានទឹកដក់ និងជង្ហុកជាច្រើន ដែលពិបាកដល់ការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងខ្លាំង។ លោកបន្តថា ផ្លូវនេះមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ប្រមាណជាង១៥០គ្រួសារធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផ្លាស់ប្តូរទំនិញផ្សេងៗ។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយអ្វីៗឡើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែលបានជួសជុលរួចរាល់នេះ គឺធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅទីនេះ បានធ្វើការស្នើសុំ ក្រុមការងារមូលនិធិអណ្តូងទឹកស្អាតផ្ទាល់ នៅពេលដែលលោកស្រី និងក្រុមការងារមកប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋនៅទីនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមក ហើយថ្ងៃនេះដែរលោកស្រីក៏បានអោយក្រុមការងារធ្វើជូនបន្ថែមប្រវែង៣០០ម៉ែត្រទៀត។ នៅឱកាសនោះដែរប្រជាពលរដ្ឋដែលបានចូលរួមចំនួន៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ទឹកដោះគោខាប់២៤កំប៉ុង និងសារុងមួយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments