ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តកូរ៉េមួយគ្រឿង ទើបនាំចូលតាមច្រកកំពង់ផែកំពង់សោម ហើយដឹករថយន្តកូរ៉េម៉ាកសាំយ៉ុងមួយគ្រឿងទៀត នៅពីលើផងនោះទំនងរថយន្តទើបនាំចូលមិនទាន់បំពាក់ប្រព័ន្ធបច្ចេកទេសគ្រប់គ្រាន់ ទើបជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រចតស្ងៀម ជាប់ស្ដុប បណ្ដាលឲ្យរួញខ្ទេចឡាន ហើយអ្នកបើកបរគាបជាប់ក្នុងកាប៊ីន ទាល់តែហៅបច្ចេកទេសមកវះកាត់ឡាន ទើបយកសពបាន។
ហេតុការណ៍គ្រោះចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបកែងមហាវិថីឈ្នះឈ្នះ ឬផ្លូវអូដឹម កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង មានដឹករថយន្តសាំយ៉ុងមួយគ្រឿងទៀត នៅពីលើ ដែលគេដឹងថា ជារថយន្តទើបឡើងមកពីផែកំពង់ផែកំពង់សោម បើកបោះពួយយ៉ាងលឿន ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រឈប់ស្តុប បណ្តាលឲ្យកៀបស្លាប់ អ្នកបើកបរក្នុងកាប៊ីន ត្រូវបានក្រុមសង្គ្រោះ៧១១ ចេញទៅប្រតិបត្តិការជួយវះកាត់យកសាកសពចេញ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស អត់ទាន់មានស្លាកលេខ ដឹករថយន្តសាំយ៉ុង ជារថយន្តទើបនាំចូល ឡើងមកពីកំពង់ផែកំពង់សោម អ្នកបើកបរ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអត្តសញ្ញាណមាន ឈ្មោះ ហ៊ាង ស៊ាងហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកឃ្លាំងលក់រថយន្ត មានស្រុកកំណើត នៅភូមិជួរកណ្ដាល ឃុំកោះពី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ស្លាប់ជាប់ក្នុងកាប៊ីន។ ចំណែកភាគីរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-7061 ជារថយន្តរបស់ក្រុមហ៊ុន តេងឡាយ។
មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ដឹករថយន្តសាំយ៉ុង ពណ៌លឿង មួយគ្រឿង បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ដោយសាររថយន្តទើប នាំចូលមកថ្មី បច្ចេកទេស គ្រឿងបន្លាស់មិនទាន់ បំពាក់រៀបចំត្រឹមត្រូវ ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ដែលកំពុងឈប់ចត ភ្លើងស្តុប បណ្តាលឲ្យរុញកៀបជាប់អ្នកបើកបររថយន្តកូរ៉េ ស្លាប់ក្នុងកាប៊ីន ទាញយកសពមិនចេញ ត្រូវបានសមត្ថកិច្ច ហៅរថយន្តរបស់អង្គភាព៧១១ មកជួយវះកាត់ ដើម្បីយកសាកសពចេញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តទាំងពីរគ្រឿង ត្រូវយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments