ភ្នំពេញ ៖ ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បែបនេះ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ខណៈដែលលោកធ្វើជាអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា តាមបណ្តាវិស័យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមចំនួន២២៥០នាក់ នៅអាគារខេមរានី នៃទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីបញ្ជ្រាបឲ្យកាន់តែច្បាស់ពីបុព្វហេតុ និងបេសកកម្មនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តសង្គមកម្ពុជា ក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក. និងជាមន្ត្រីរាជការម្នាក់ៗ។
សហភាពសហព័ន្ធយុវជនកម្ពុជា គឺជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ សហភាពសហព័ន្ធយុវជនកម្ពុជាបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលយុវជនដែលជាអនាគតរបស់កម្ពុជា ដើម្បីធានារក្សាបាននូវសមិទ្ធផលទាំងឡាយ ដែលអតីតយុវជនជំនាន់២ធ្នូ បានកសាងឡើងតាមរយៈការលះបង់គ្រប់បែបយ៉ាង ស្វែងរកសន្តិភាព ស្ថិរភាព ដូចអ្វីដែលមាននាថ្ងៃនេះ និងរួមគ្នាបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ស្នាដៃ និងសមិទ្ធផលជាច្រើនដែល ស.ស.យ.ក. សម្រេចបាននាពេលកន្លងមក គឺកើតចេញពីការចូលរួមរបស់សមាជិក សមាជិកា ទូទាំងប្រទេសដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង រួមគ្នាធ្វើខ្លួនឲ្យក្លាយទៅជាផ្នែកនៃដំណោះស្រាយក្នុងសង្គម និងចូលរួមពង្រីកវិសាលភាពនៃសកម្មភាពរបស់យុវជនក្នុងកិច្ចការនានាលើគ្រប់វិស័យ ជាពិសេសការងារសង្គម មនុស្សធម៌ និងវប្បធម៌ជាដើម។
ស្របជាមួយគ្នានោះ តាមរយៈគោលដៅសកម្មភាពរបស់ ស.ស.យ.ក. សមាជិក គ្រប់ៗរូបអាចផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងទិដ្ឋភាពជាក់ស្តែងក្នុងសង្គម ក៏ដូចជាស្វែងយល់ពីមូលដ្ឋានដោយផ្ទាល់ ដែលអាចជាចលករដ៏សំខាន់មួយដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលការងារ ជូនដល់ស្ថាប័នដែលខ្លួនកំពុងបម្រើការប្រចាំថ្ងៃ។ ស្របពេលនៃដំណើរវិវត្តឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានកត់សម្គាល់ឃើញនូវបញ្ហាប្រឈមមួយចំនួនដែលសង្គមបច្ចុប្បន្នកំពុងជួបប្រទះ និងចាំបាច់ត្រូវរកដំណោះស្រាយឲ្យកាន់តែប្រសើរ ប៉ុន្តែក្នុងដំណើរនេះ សមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗរូប ចងចាំជានិច្ចនូវគំរូវីរភាពរបស់ថ្នាក់ដឹកនាំបច្ចុប្បន្ន ជាពិសេសភាពប៉ិនប្រសព្វក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលកន្លងមក ដែលឈានទៅដល់ការក្រោកឡើងតស៊ូរំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការហ៊ានលះបង់ជីវិតក្នុងការការពារ និងទប់ទល់មិនឲ្យមានការវិលត្រឡប់មកវិញនូវរបបយង់ឃ្នង និងការសម្រេចចិត្តដ៏ត្រឹមត្រូវជាច្រើនទៀតក្នុងបុព្វហេតុស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។
ក្នុងដំណើរការនៃការស្តារសង្គមកម្ពុជា គិតចាប់ពីការសម្រេចចិត្តធ្វើការរំដោះជាតិកាលពីឆ្នាំ១៩៧៨ ការកសាងសន្តិភាព និងស្ថិរភាពក្រោមការអនុវត្តនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និងការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិពីផែនការ ទៅជាទីផ្សារសេរី ដែលជាប្រភពនៃការកសាងមូលដ្ឋាននៃការអភិវឌ្ឍប្រទេស គឺមិនមែនជារឿងសាមញ្ញនោះទេ តែជាការគិតគូរ និងធ្វើយ៉ាងណាដាក់ប្រយោជន៍ប្រទេសជាតិ និងប្រជាជនមុនអ្វីៗទាំងអស់។
ដោយឡែកសម្រាប់ការបោះជំហានបន្តទៅមុខរបស់សង្គមកម្ពុជា គឺមិនអាចពឹងផ្អែកទាំងស្រុងទៅលើបទពិសោធន៍ ដែលធ្លាប់បានឆ្លងកាត់នោះឡើយ ដោយសារបញ្ហាប្រឈមថ្មីៗជាច្រើន បាននិងកំពុងបន្តកើតឡើងជារៀងរាល់ថ្ងៃ ដែលខ្លះមិនធ្លាប់កើតមានក្នុងរយៈកាលជាងមួយទស្សវត្សកន្លងទៅនេះ។ ជាក់ស្តែង អ្វីដែលអាចសង្កេតឃើញ និងកត់សម្គាល់បាននោះ គឺបម្រែបម្រួលជាសកលរួមមាន បរិបទអន្តរជាតិមិនមានភាពច្បាស់លាស់ សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើង ការប្រកួតប្រជែងកាន់តែមានភាពស្វិតស្វាញ ជាពិសេសក្នុងដំណាក់កាលនៃការមកដល់របស់បដិវត្តឧស្សាហកម្មជំហានទី៤ ក៏ដូចជាការអភិវឌ្ឍប្រទេស និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ដែលទាមទារឲ្យមានការសម្របសម្រួល ត្រៀមខ្លួន និងចេះបត់បែនតាមកាលៈទេសៈ។
ទន្ទឹមនឹងភាពជោគជ័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិ ក្រោមស្មារតី២ធ្នូនោះ លោក ហ៊ុន ម៉ានី បានលើកឡើងពីការត្រៀមខ្លួនរបស់សមាជិក សមាជិកាទាំងអស់ ក្នុងការប្រឈមមុខដោះស្រាយជាមួយបញ្ហានានាសម្រាប់ពេលអនាគត ដោយស្វែងយល់ពីបរិបទដែលយុវជនជំនាន់មុនធ្លាប់ឆ្លងកាត់។ លោកបញ្ជាក់ថា “អ្វីដែលសមាជិក សមាជិការបស់យើង បានរួមគ្នាធ្វើកន្លងមកវាអាចនឹងគ្រប់គ្រាន់សម្រាប់ពេលបច្ចុប្បន្ន តែវាប្រហែលជាមិនអាចឆ្លើយតបទៅនឹងតម្រូវការ នាពេល១០ឆ្នាំខាងមុខទៀតនោះទេ”។
តាមលោក ហ៊ុន ម៉ានី “យើងបានសម្រេចការងារជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះយើងក៏ទទួលស្គាល់ថា មានបញ្ហាជាបន្តបន្ទាប់ដែលយើងទាំងអស់គ្នា មិនថាក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក ឬក្នុងនាមជាមន្ត្រីរាជការមួយរូប បាននឹងកំពុងជួបប្រទះ ប៉ុន្តែយើងទាំងអស់គ្នា ត្រូវរៀនសូត្រពីយុវជនជំនាន់មុន ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត។ យើងត្រូវហ៊ានលះបង់ដើម្បីឲ្យប្រទេស និងប្រជាជនបានសុខ”។
សេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក បានឲ្យដឹងដែរថា ជាមួយនឹងវិធីសាស្ត្រដ៏ជោគជ័យ ដែលយុវជនជំនាន់មុនបានអនុវត្តពីមួយដំណាក់កាល ទៅមួយដំណាក់កាល សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានវាយតម្លៃខ្ពស់ និងប្តេជ្ញាបន្តគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជ្រោងសង្គមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពឲ្យកាន់តែប្រសើរ។ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តជំរុញការប្រកាន់ភ្ជាប់ឲ្យបាននូវស្មារតីនៃការការពារជាតិ រក្សាអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងប្រវតិ្តសាស្ត្រ ក៍ដូចជាខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ទេពកោសល្យ ពង្រីកគំនិតច្នៃប្រឌិត និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនានា ដែលនឹងមកដល់នាពេលអនាគត។
ទន្ទឹមនឹងនោះ ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ សាមគ្គីធម៌ និងការសន្តោសប្រណី យល់អធ្យាស្រ័យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់មួយ ដែល ស.ស.យ.ក. តែងតែបណ្តុះស្មារតីដល់សមាជិក សមាជិកា ដើម្បីចូលរួមរក្សាភាពសុខដុមក្នុងសង្គម និងធានាអនាគតសង្គមកម្ពុជាមួយ ដែលពោរពេញដោយសុខសន្តិភាព ដល់កូនចៅជំនាន់ក្រោយ៕
Source: Kampuchea Thmey Daily
0 Comments