រដ្ឋអាជ្ញាពិសេសលោក Robert Mueller កាលពីថ្ងៃសុក្របានដាក់របាយការណ៍ដែលគេរង់ចាំជាយូរមកហើយអំពីការស៊ើបអង្កេតរយៈពេលពីរឆ្នាំជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការជាប់ឆ្នោតឆ្នាំ២០១៦របស់លោក Donald Trump។
អ្វីដែលរបាយការណ៍នេះនិយាយគឺជាការសម្ងាត់ប៉ុន្តែអគ្គរដ្ឋអាជ្ញាលោក Bill Barr បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់សភាថា លោកអាចនឹងសង្ខេបសេចក្តីសន្និដ្ឋានសំខាន់ៗរបស់វាសម្រាប់សភានៅចុងសប្តាហ៍នេះ។
រឿងរ៉ាវរបស់លោក Mueller ដែលពោរពេញទៅដោយការចោទប្រកាន់មិនធ្លាប់មានពីមុនមកអំពីការឃុបឃិតឬការក្បត់ជាតិដោយប្រធានាធិបតីអាមេរិកក្នុងសម្ព័ន្ធភាពជាមួយក្រុងមូស្គូបានដាក់សម្ពាធលើលោក Trump ចាប់តាំងពីគាត់ឡើងកាន់តំណែងបន្ទាប់ពីការជាប់ឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកលើលោកស្រី Hillary Clinton។
តាមរយៈរឿងនេះ លោក Trump បានអះអាងថា លោកគឺជាជនរងគ្រោះនៃការចោទប្រកាន់មិនពិតខណៈពេលដែលគូប្រជែងបក្សប្រជាធិបតេយ្យដែលបានឈ្នះការបោះឆ្នោតសភាជាន់ទាបកាលពីឆ្នាំមុនបាននិយាយថា លោក Trump មិនទាន់បានពន្យល់គ្រប់គ្រាន់នៅឡើយទេអំពីទំនាក់ទំនងរបស់លោកជាមួយប្រទេសរុស្ស៊ី។
លោក Mueller ដែលជាអតីតទាហានជើងចាស់ក្នុងសង្គ្រាមវៀតណាមនិងជាអតីតនាយក FBI បានធ្វើការក្នុងភាពអាថ៌កំបាំងអស់រយៈពេលពីរឆ្នាំមកហើយ។ ខណៈបេសកកម្មរបស់គាត់ក្នុងនាមជារដ្ឋអាជ្ញាពិសេសបានបញ្ចប់នោះ ឥឡូវនេះវាគឺជាពេលរបស់លោក Barr ដែលត្រូវបានតែងតាំងដោយលោក Trump ដើម្បីសម្រេចថាតើរបាយការណ៍នេះមានតម្លៃប៉ុនណាដើម្បីផ្សព្វផ្សាយជាសាធារណៈ។
សម្ពាធជាសាធារណៈនិងនយោបាយសម្រាប់ការបញ្ចេញពេញលេញគឺខ្លាំងក្លាហើយលោក Barr បាននិយាយថា លោកបានប្តេជ្ញាចិត្តឲ្យមានតម្លាភាពច្រើនតាមដែលអាចធ្វើទៅបាន។
មានព័ត៌មានសំខាន់មួយដែលត្រូវបានបញ្ជាក់រួចទៅហើយដោយក្រសួងយុតិ្តធម៌ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Mueller មិនបានណែនាំឲ្យមានការចោទប្រកាន់ណាមួយបន្ថែមទៀតទេ។
ក្នុងអំឡុងការស៊ើបអង្កេតរបស់គាត់ លោក Mueller បានចោទប្រកាន់បុគ្គលនិងអង្គភាពមួយចំនួនរួមទាំងជនជាតិរុស្សី២៥នាក់និងជំនួយការ៦នាក់របស់លោក Trump ផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments