ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនយុវជនខ្មែរចំនួន០៤នាក់ ក្រោយពីបានឃាត់ពួកគេរកឃើញថ្នាំញៀនចំនួន២កញ្ចប់កាលពីអំឡុងយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីនគរបាល ខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង២១យប់ថ្ងៃទី២២ ខែមីនា នេះសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅចល័តឆែកឆេរអាវុធជាតិផ្ទុះនៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី បានឆែករកឃើញថ្នាំញៀនចំនួន១កញ្ចប់ពីយុវជន២នាក់ ដែលជិះម៉ូតូមួយគ្រឿងចំគោលដៅឆែកឆេរ។ សមត្ថកិច្ចបានបញ្ជាក់ ជនសង្ស័យទាំង២នោះ ១.ឈ្មោះសៅ រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង។ ២.ឈ្មោះ តេស តុលា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីក្នុងភូមិជាមួយគ្នា។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយមកនៅវេលាម៉ោង២៣យប់ បានចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលកំពុងធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវលេខ១០១១ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ក្រោយពីបានឆែកឆេរកឃើញមានរក្សាទុកថ្នាំញៀនចំនួន១កញ្ចប់នៅក្នុងដៃ។ ជនទាំង២នាក់នោះ ១.ឈ្មោះ ខន ដារ៉ូ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិច្រេស សង្កាត់គោកឃ្លាង។ ២.ឈ្មោះ អ៊ុន សូណា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិជាមួយគ្នា និងមានមុខរបរធ្វើជាងពិដានដូចគ្នា។
ប៉ូលិសបានចោទប្រកាន់ពួកគេពីបទសង្ស័យប្រើនិងជួញដូរថ្នាំញៀនខុសច្បាប់ហើយសមត្ថកិច្ចបានត្រួតពិនិត្យទឹកនោមរបស់ពួកគេទាំង៤នាក់នោះ រកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងខ្លួនទាំងអស់គ្នាផងដែរ ដែលបញ្ជាក់ថា ពួកគេជួញដូរផងប្រើប្រាស់ថ្នាំញៀនផង កំពុងកសាងឯកសារបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទណ្ឌរបស់គេតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments