Ad Code

តៃកុង​ស្ទើរ​ភ្លើង​ បើក​លឿន​ រេ​ចង្កូត​ធ្លាក់​ផ្លូវ ​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​លំផាត់​



​រតនគិរី ៖ គោយន្ត​កែច្នៃ​មួយ​គ្រឿង​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​រង​របួស​ធ្ងន់​និង​ស្រាល​៣​នាក់ ហើយ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ឡើយ​។​

​ករណី​ក្រឡាប់​គោយន្ត​ដោយ​ខ្លួនឯងបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​សុក្រ ៣​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​ភ្នំ​តូច លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់​។​

​មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​គោយន្ត​ ឈ្មោះ រ័ត្ន បូរី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​កូនបង្កើត​ម្ចាស់​គោយន្ត​កែច្នៃ បាន​រង​របួស​ធ្ងន់​។ អ្នក​រួម​ដំណើរ​ប្រុស​២​នាក់ របួសស្រាល​។​

​មន្ត្រី​នគរបាល​បន្តថា មូលហេតុ​គោយន្ត​កែច្នៃ​បាន​ដឹក​គ្រាប់ស្វាយចន្ទី​៣​តោន ហើយ​បាន​រេ​ចង្កូត​បណ្តាល​ឲ្យ​ក្រឡាប់​តែម្ដង​។​

ក្រោយ​កើតហេតុ ​អ្នករងរបួស ​ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូន​តាម​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ដោយឡែក​គោយន្ត​ ត្រូវបាន​ម្ចាស់​អូស​យក​ទៅ​ជួសជុល​ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu