Ad Code

ចំនួន​មនុស្ស​មិនចេះចប់​នៅក្នុង​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម IS ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​គាំទ្រ​ដោយ​អាមេរិក​ភ្ញាក់ផ្អើល



ក្រុម​អ្នក​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​សង្ឃឹមទុក​ជាច្រើន​សប្ដាហ៍​មកហើយ​ថា ថ្ងៃ​ចុងក្រោយ​បានមក​ដល់​ហើយ​សម្រាប់​រដ្ឋ Caliphate របស់​ក្រុម​រដ្ឋ​ឥស្លាម​ប៉ុន្តែ​ទឹកដី​ដ៏​តូច​ចុងក្រោយ​របស់ខ្លួន​មើលទៅ​ហាក់ដូចជា​មិន​ទំនងជា​នៅ​ទទេ​សោះ។

ស្ត្រី កុមារ​និង​បុរស​រាប់ពាន់នាក់​បាន​សម្រុក​ចេញពី​មូលដ្ឋាន​នៅក្នុង​ភូមិ Baghouz របស់​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ខែធ្នូ​មកហើយ​ការចាកចេញ​នៅតែ​បន្ត។

ចំនួន​នេះ​បានធ្វើ​ឲ្យ​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​មានការ​ភ្ញាក់ផ្អើល។ លោក Adnan Afrin អ្នកនាំពាក្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​នៅពេល​យើង​ចាប់ផ្តើម​ប្រតិបត្តិការ យើង​ដឹងថា​នឹងមាន​ជន​ស៊ីវិល​ប៉ុន្តែ​មិនមាន​ចំនួន​ច្រើន​ដូចនេះ​ទេ”។
ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បុរស​និង​ស្ត្រី​រាប់ពាន់នាក់​រួមទាំង​អ្នក​ដែល​ធ្លាប់បាន​ចូលរួម​ជាមួយ​ក្រុម IS មកពី​ទូទាំង​ពិភពលោក​ផងដែរ​នោះ​គឺ​បាន​ចាក​ចេញពី​មូលដ្ឋាន​របស់​ក្រុម IS ។
បញ្ហា​នេះ​បាន​នាំ​ឲ្យ​មានការ​សន្មត​ថា ក្រុមគ្រួសារ​មួយចំនួន​នៅតែ​លាក់ខ្លួន​នៅក្នុង​ភូមិ Baghouz ហើយ​អ្នក​ដែល​បដិសេធ​ចាកចេញ​ឬ​ចុះចាញ់​បានសម្រេច​ចិត្ត​ស៊ូស្លាប់​នៅ​ទីនោះ។

មន្ត្រី​មួយរូប​របស់ SDF បាន​និយាយថា “​ពួកគេ​មកពី​ក្រោម​ដី ពួកគេ​មិនដែល​បញ្ចប់​ទេ​”​។​
​គណៈកម្មាធិការ​ជួយសង្គ្រោះ​អន្ដរជាតិ (IRC) កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា មនុស្ស​ចំនួន​១២,០០០​នាក់​មកពី​ភូមិ Baghouz បានមក​ដល់​ជំរំ​មួយ​សម្រាប់​អ្នក​មិនមែនជា​យុទ្ធជន​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល​៤៨​ម៉ោង​ចុងក្រោយ​រួមទាំង​មនុស្ស​ប្រហែល​៦,០០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ។

យោងតាម IRC បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​ជាង​៥៥,០០០​នាក់​បានមក​ដល់​ជំរំ Al-Hol ដែល​គ្រប់គ្រង​ដោយ​ពួក​ឃើ​ដ​ចាប់តាំងពី​ខែធ្នូ​មក។

អង្គការ​នេះ​បាន​និយាយថា “IRC និង​ភ្នាក់ងារ​ដទៃទៀត​កំពុង​ធ្វើ​គ្រប់បែបយ៉ាង​ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​ជួយ​ដល់​អ្នក​មកដល់​ថ្មី​ប៉ុន្តែ​ជំរំ Al-Hol នៅពេលនេះ​គឺ​ស្ថិតនៅ​ចំណុច​បែកបាក់។ គ្មាន​នរណាម្នាក់​អាច​ទាយ​បានទេ​ថា​មាន​ស្ត្រី​និង​កុមារ​យ៉ាងច្រើន​បែបនេះ​ដែល​នៅតែ​កំពុង​រស់នៅ​ក្នុងភូមិ Baghouz”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu