Ad Code

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ពលរដ្ឋ​៨៣​ភាគរយ បាន​ចេញទៅ​បោះឆ្នោត ប៉ុន្តែ​ក្រុមប្រឆាំង​មិនបាន​ទទួល​យក​នូវ​ឆន្ទៈ​របស់​រាស្ត្រ បែរជា​ព្យាយាម​ញុះញង់​គ្រប់​រូបភាព​



​ភ្នំពេញ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៅ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​បូកសរុប​លទ្ធផល​ការងារ​យោធា ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​ការងារ ​ឆ្នាំ​២០១៩ នៃ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស​។​

មាន​ប្រសាសន៍​ទៅកាន់​អ្នកចូលរួម លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​នាយ​ទាហាន នាយទាហានរង ទាំងអស់​ក្នុង​យោធភូមិភាគ​ពិសេស និង​កោតសរសើរ​ចំពោះ​យោធភូមិ​ភាព​ពិសេស ដែល​បាន​បំពេញ​ភារកិច្ច​ការពារ​សុខ​សន្តិភាព​ជូន​ប្រជាជន ទប់ស្កាត់​ការ​បង្ក​អសន្តិសុខ ទប់ស្កាត់​បដិវត្ត​ពណ៌ ដោយ​លោក​បាន​បញ្ជាក់​ថា យោធភូមិ​ភាព​ពិសេស​ ជា​អង្គភាព​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចការពារ​សុខ​សុវត្ថិភាព​ជុំវិញ​រាជធានី​ភ្នំពេញ​។

លោក​បន្តថា យើង​បាន​បញ្ចប់​សង្គ្រាម ដែល​បាន​កើតឡើង​រយៈពេល​៥០០​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ តែ​ក្រុម​អ្នក​ចង់​បំផ្លាញ​សន្តិភាព នៅតែ​ចិញ្ចឹម​ចិត្ត​បំផ្លាញ​សន្តិភាព ដែល​យើង​ខិតខំ​រក​មក​ដោយ​លំបាក​នេះ​។ គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​រក្សា​មិត្តភាព រក្សា​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ភាគី មិន​ប្រកាន់​ថា ប្រទេស​ណាមួយ​ឡើយ​។

តាម​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រជាពលរដ្ឋ​កម្ពុជា​៨៣​ ភាគរយ ​បាន​ចេញទៅ​បោះ​ឆ្នោត ដែល​នេះ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា ​ចង់បាន​សេចក្តី​សុខ ប៉ុន្តែ​ក្រុមប្រឆាំង​មួយចំនួន​មិន​បាន​ទទួលយក​នូវ​ឆន្ទ​របស់​រាស្ត្រ និង​ព្យាយាម​គ្រប់​រូបភាព ដើម្បី​បំផ្លាញ ញុះញង់​គ្រប់​រូបភាព​ក្នុង​គោលបំណង​រុញ​ប្រទេស​ធ្លាក់​ក្នុង​បដិវត្ត​ពណ៌​។ កន្លងទៅ​ ក៏មាន​ការអូសទាញ​កម្លាំង​ប្រដាបអាវុធ​មិន​ឲ្យ​ស្ដាប់​រដ្ឋាភិបាល ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​ តែ​កងទ័ព​បាន​យល់​ច្បាស់ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​បាន​ការពារ​ដាច់ខាត រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

ជា​មួយ​នឹង​ការ​លើកឡើង​ខាងលើនេះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​អនុសាសន៍​ដល់​អង្គភាព ត្រូវ​ពង្រឹង​ការងារ​ដឹកនាំ​បញ្ជា ធ្វើ​ផែនការ​ធានា ផែនការ​ហ្វឹកហ្វឺន លើក​កម្ពស់​សមត្ថ​ភាព​កងទ័ព និង​បង្កើត​យន្តការ​ការងារ​ឲ្យ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព ពង្រឹង​គុណភាព​យោធា​ចារ្យ ដើម្បី​បណ្ដុះបណ្ដាល ពង្រឹង​គុណភាព​ទ័ព រៀបចំ​ការងារ​អប់រំ​ចិត្តសាស្ត្រ ក្តាប់​សតិអារម្មណ៍​កង​ទ័ព យកចិត្តទុកដាក់​ថែទាំ​យោធបករណ៍​ឲ្យ​បាន​ល្អ បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​ភាគី​មិត្ត រក្សា​ព្រំដែន​សន្តិភាព​ចូលរួម​ក្នុង​ការរុករក​អដ្ឋិធាតុ​ជាមួយ​ភាគី​មិត្ត​។ ចូលរួម​ការងារ​មនុស្ស​ធម៌ ការងារ​សង្គម ជួយ​ដល់​មូលដ្ឋាន​។​

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ដែរ​ថា ការងារ​សមាគម​អតីត​យុទ្ធជន ដែល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​បាន​ប្រគល់​ថវិកា​ជូន​មូលនិធិ សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​បាន​មកពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​ឆ្នាំ​២០១៨​កន្លងទៅ ក្នុង​នោះ​ត្រូវ​បាន​បែងចែក​ទៅ​ទូទាំង​២៥ រាជធានី​ខេត្ត ក្នុង​មួយ​ខេត្ត​២០​លាន​រៀល ប្រើប្រាស់​លើ​ការងារ​សាងសង់​ផ្ទះ និង​ចូល​បុណ្យ​សព​អតីត​យុទ្ធជន​ទាំងនេះ គឺ​សំដៅ​ទៅលើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិត្តិយស ជីវភាព​រស់នៅ និង​ជា​ការ​ដឹង​គុណ​ជូន​ដល់​អតីត​យុទ្ធជន​ដែល​ខិតខំ​លះបង់​ពលីកម្ម​ ដើម្បី​ជាតិ​មាន​សុខ​សន្តិភាព​។​

សូម​បញ្ជាក់​ថា នា​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស កងទ័ពជើងគោក បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​បូក​សរុប​លទ្ធផល​ការងារ​យោធា ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៩ ក្រោម​វត្តមាន​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៅ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង ​ឯកឧត្ដម ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួង​ការពារ​ជាតិ ព្រមទាំង​បាន​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ បរិក្ខារ​ប្រើប្រាស់​មួយ​ចំនួន និង​ថវិកា​១០​លាន​រៀល​ជូន​អង្គ​ភាព​យោធភូមិភាគ​ពិសេស​ផង​ដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu