មួយថ្ងៃបន្ទាប់ពីកោះបាលីរបស់ឥណ្ឌូនេស៊ីបានស្ងប់ស្ងាត់សម្រាប់ពិធីបុណ្យ “Day of Silence” ប្រចាំឆ្នាំ, មនុស្សរាប់រយនាក់បានចូលរួមពិធីបុណ្យងូតភក់តាមបែបសាសនាដែលត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះបន្ទាប់ពីខកខានអស់រយៈពេល៦០ឆ្នាំ។
ការងូតភក់ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា Mebuug-buugan គឺត្រូវបានគេជឿថានឹងបន្សុទ្ធនិងលុបបំបាត់សំណាងអាក្រក់និងថាមពលអវិជ្ជមាន។
បុរស ស្ត្រីនិងកុមារដែលស្លៀកសារុងនិងឈ្នួតក្បាលប្រពៃណីបានប្រមូលភក់ពីព្រៃកោងកាងក្នុងភូមិ Kedonganan នៅខាងក្រៅក្រុង Denpasar កាលពីថ្ងៃសុក្រហើយបានប៉ាតខ្លួនឯងដែលជាផ្នែកមួយនៃពិធីបន្សុទ្ធ។
វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីពិធីបុណ្យរបស់កោះបាលីឈ្មោះ Nyepi ដែលអ្នកកាន់សាសនាហិណ្ឌូនិងអ្នកទេសចរនៅលើកោះនេះត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងផ្ទះនិងឆ្លុះបញ្ចាំងខ្លួនឯងខណៈដែលជើងហោះហើរ ភ្លើងនិងអ៊ីនធឺណេតត្រូវបានបញ្ឈប់ទាំងអស់។
កាលពីអតីតកាល អ្នកចូលរួមបានអាក្រាតកាយក្នុងពិធីបុណ្យភក់នេះប៉ុន្តែនៅពាក់កណ្តាលសតវត្សរ៍ទី២០អ្នកស្រុកមិនសូវពេញចិត្តជាមួយភាពអាក្រាតកាយនៅទីសាធារណៈនោះទេ។
ពិធីបុណ្យនេះត្រូវបានផ្អាកអស់រយៈពេល៦ទសវត្សមកហើយរហូតដល់ពេលដែលវាបានចាប់ផ្តើមឡើងវិញកាលពី៣ឆ្នាំមុនដោយសារការយល់ដឹងថា គំនិតនៃពិធីបុណ្យនេះនឹងផ្លាស់ប្តូរដូច្នេះអ្នកចូលរួមត្រូវបានអនុញ្ញាតឲ្យស្លៀកពាក់។
អ្នកភូមិគ្រប់វ័យបានប៉ាតភក់លើនរណាម្នាក់ដែលជាញាតិសន្តានបន្ទាប់ពីការអធិស្ឋានសុំសុវត្ថិភាពនិងសំណាងល្អ។ បន្ទាប់ពីពិធីបុណ្យងូតភក់ ពួកគេបានធ្វើដំណើរទៅឆ្នេរដែលនៅជិតបំផុតដើម្បីលាងជម្រះភាពកខ្វក់និងកម្ចាត់វិញ្ញាណអាក្រក់។
គួរបញ្ជាក់ថា ពិធីបុណ្យនេះមានប្រជាប្រិយភាពចាប់តាំងពីការវិលត្រឡប់មកវិញហើយអ្នកទេសចររាប់សិបនាក់បានមើលនៅខាងក្រៅនិងថតរូបដើម្បីចាប់យករូបភាពដែលបាត់បង់អស់រយៈពេលជាច្រើនទសវត្សមកហើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments