កាលពីថ្ងៃសុក្រ រដ្ឋាភិបាលវេណេហ្ស៊ូអេឡា បានតស៊ូដើម្បីដោះស្រាយជាមួយការដាច់ចរន្តអគ្គីសនីដ៏ធំមួយដែលបានធ្វើឲ្យភាគច្រើននៃប្រទេសនេះ ត្រូវជាប់គាំង ខណៈលោកប្រធានធិបតី Nicolas Maduro បានបន្ទោសបញ្ហានេះទៅលើការបំផ្លិចបំផ្លាញដោយចេតនារបស់អាមេរិក។
ការដាច់ចរន្តអគ្គិសនី ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍គឺជាការដាច់ដ៏យូរបំផុតមួយនិងរាលដាលបំផុតដោយបង្កើនភាពតានតឹងនៅក្នុងការតស៊ូអំណាចរបស់លោក Maduro ជាមួយគូប្រជែងដែលគាំទ្រដោយអាមេរិកគឺមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido។
អនុប្រធានាធិបតីលោកស្រី Delcy Rodriguez បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា លោក Maduro បានបិទការិយាល័យនិងសាលារៀនក្នុងគោលបំណងដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការស្តារសេវាអគ្គិសនីនៅក្នុងប្រទេសឡើងវិញ។
ការផ្គត់ផ្គង់អគ្គិសនីត្រូវបានស្ដារឡើងវិញជាបណ្តើរៗនៅតំបន់ធំៗនៃទីក្រុង Caracas កាលពីរសៀលថ្ងៃសុក្រក៏ដូចជាផ្នែកខ្លះនៃរដ្ឋ Miranda និង Vargas ផងដែរដែលមានអាកាសយានដ្ឋានអន្តរជាតិនិងកំពង់ផែដ៏សំខាន់។
ទោះបីជាយ៉ាងណាក៏ដោយ វាមានរយៈពេលខ្លីខណៈពេលដែលពន្លឺបានបិទម្តងទៀតដោយបានពង្រីកការដាច់ភ្លើងលើសពី២៤ម៉ោង។
មនុស្សបានតម្រង់ជួរនៅតាមស្ថានីយប្រេងឥន្ទនៈខណៈពួកគេព្យាយាមទិញប្រេងឥន្ទនៈដើម្បីចាក់ម៉ាស៊ីន។ អ្នកខ្លះបានបូមប្រេងសាំងពីរថយន្តរបស់ពួកគេ។
យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ការដាច់ភ្លើងបានធ្វើឲ្យភាគច្រើននៃប្រទេសនេះធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ រាំងស្ទះដំណើរការរបស់មន្ទីរពេទ្យនិងសេវាសាធារណៈផ្សេងទៀត។
សាក្សីបានរៀបរាប់អំពីឈុតឆាកនៃភាពវឹកវរនៅមន្ទីរពេទ្យជាច្រើនខណៈពេលដែលមនុស្សព្យាយាមបញ្ជូនសាច់ញាតិដែលឈឺតាមភាពងងឹតទៅកាន់គ្លីនិក ដែលមានកន្លែងសង្គ្រោះបន្ទាន់មានពន្លឺ។ សេវាទូរស័ព្ទនិងការប្រើប្រាស់អ៊ីនធើណេត ក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments