Ad Code

ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​ព្យាយាម​បង្រួបបង្រួម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​រដ្ឋ



នៅ​ថ្ងៃ​សៅរ៍ ប្រជា​ជននី​ហ្សេ​រី​យ៉ា​បាន​ទៅ​បោះឆ្នោត​ជា​លើក​ទី​ពីរ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​និង​រដ្ឋ​ស្រប​ពេល​មាន​ភាព​តានតឹង​និង​ការភ័យខ្លាច​ពី​អំពើហិង្សា។

ការបោះឆ្នោត​សម្រាប់​តំណែង​អភិបាល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​រដ្ឋ​ចំនួន​២៩​ក្នុងចំណោម​រដ្ឋ​ទាំង​៣៦​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​សម្រាប់​តំណែង​គ្រប់​រដ្ឋ​ទាំងអស់​បូករួម​ទាំង​ក្រុមប្រឹក្សា​រដ្ឋបាល​នៅក្នុង​ដែនដី​សហព័ន្ធ Federal Capital Territory នៃ​ទីក្រុង Abuja ផងដែរ។ ស្ថានីយ​បោះឆ្នោត​បាន​បើក​ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ​ខណៈ​លទ្ធផល​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ប្រកាស​ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​ទៅ។

លោក​ប្រធានាធិបតី Muhammadu Buhari ត្រូវបាន​គេ​រំពឹងថា​នឹង​បង្រួបបង្រួម​ជាមួយ​ជ័យជម្នះ​របស់គាត់​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​នៅពេលដែល​គាត់​បានឈ្នះ​១៩​រដ្ឋ​ដើម្បី​ទទួលបាន​អាណត្តិ​ទី​ពីរ​រយៈពេល​៤​ឆ្នាំ។

គណបក្ស All Progressives Congress (APC) របស់គាត់​បច្ចុប្បន្នកំពុង​គ្រប់គ្រង​រដ្ឋ​ចំនួន​២២​ខណៈ​គណបក្សប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស Peoples Democratic Party (PDP) មាន​១៣​រដ្ឋ​។​

ចំណែក​គណបក្ស All Progressives Grand Alliance (APGA) មាន​មួយ​រដ្ឋ។ អភិបាល​គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​និង​អំណាច​នៅក្នុង​នយោបាយ​សហព័ន្ធ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដោយ​ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ហើយ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​លើ​វិស័យ​សំខាន់ៗ​រួមទាំង​វិស័យ​អប់រំ​រហូតដល់​សុខភាព​ផងដែរ។

ពួកគេ​ក៏​អាច​ផ្តល់​សំឡេង​សមូហភាព​ដ៏​ខ្លាំងក្លា​នៅ​ទីក្រុង Abuja ផងដែរ។ ការបោះឆ្នោត​ថ្នាក់​រដ្ឋ​ជា​ញឹកញាប់​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ឆ្លុះបញ្ចាំង​យ៉ាង​ទូលំទូលាយ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​ហើយ​នៅ​ឆ្នាំនេះ​វា​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​តួនាទី​របស់​កងកម្លាំង​សន្តិសុខ​ក្នុងអំឡុងពេល​ការបោះឆ្នោត។

ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា មាន​របាយការណ៍​អំពី​អំពើហិង្សា ការទិញ​សន្លឹកឆ្នោត ការបំភិតបំភ័យ​អ្នកបោះឆ្នោត​និង​ការ​លួចបន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន។ មនុស្ស​យ៉ាងតិច​៥៣​នាក់​ត្រូវបាន​សម្លាប់​។ នេះ​បើ​យោងទៅតាម​ក្រុម​ឆត្រ Situation Room ដែល​បាន​និយាយ​ថា ភាព​ភ័យខ្លាច​អំពី​សុវត្ថិភាព​បាន​រួម​ចំណែក​ដល់​ចំនួន​អ្នកបោះឆ្នោត​ទាប​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu