Ad Code

ថ្ងៃទី​ពីរ​ នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត មាន​គណបក្ស​ចំនួន​៦ បាន​សុំ​ចុះបញ្ជី​បន្ថែម​



​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​ពីរ នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ មាន​គណបក្ស​នយោបាយ​ចំនួន​៦ បាន​ដាក់​ពាក្យសុំ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត បន្ថែម ហើយ​ក៏​មាន​គណបក្ស​នយោបាយ ចំនួន​៤ បាន​ទៅ​ដាក់​ពាក្យសុំ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នៅ គ​ធ​.​ខ​ប ផងដែរ​។​

គណបក្ស​នយោបាយ ដែល​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត​បន្ថែម​ទាំងនោះ​រួមមាន ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត ឡើង​ដល់​ចំនួន​២៤ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៥៤០ និង​បេក្ខជន​បម្រុង​ចំនួន​៥៤១ សរុប​ចំនួន​១០៨១ ទី​២, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត ឡើង​ដល់​ចំនួន​៥ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​១៣១ និង​បេក្ខជន​បម្រុង​ចំនួន​១៣១ សរុប​២៦២ ទី​៣, គណបក្ស​យុវជន​កម្ពុជា ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត ចំនួន​៤ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​១០០ និង​បេក្ខជន​បម្រុង​ចំនួន​១០០ សរុប​២០០ ទី​៤, ខ្មែរ​សាធារណរដ្ឋ ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត​ឡើង​ដល់​ចំនួន​២ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៥៤ និង​បេក្ខជន​បម្រុង​ចំនួន​៥៤ សរុប​១០៨ ទី​៥, គណបក្ស​ឆន្ទៈ​ខ្មែរ ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត ឡើងដល់​ចំនួន​៣ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៧៩ និង​បេក្ខជន​បម្រុង​ចំនួន​៧៩ សរុប​១៥៨ និង​ទី​៦, គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ចុះបញ្ជី​នៅ​រាជធានី​-​ខេត្ត ឡើង​ដល់​ចំនួន​៣ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៦៧ និង​បេក្ខជន​បម្រុង​ចំនួន​៦៧ សរុប​១៣៤​។​

ចំណែក​គណបក្ស​នយោបាយ ដែល​បានដាក់​ពាក្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ទាំងនោះ​រួមមាន ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ ចំនួន​១៩៦ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៣៣០៣ និង​បេក្ខជន​បម្រុង​ចំនួន​៣៣១០ សរុប​៦៦១៣ ទី​២, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ ចំនួន​៣៤ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៦២៥ និង​បេក្ខជន​បម្រុង​ចំនួន​៦២៧ សរុប​១២៥២ ទី​៣, គណបក្ស​យុវជន​កម្ពុជា ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ ចំនួន​៥ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​១២៨ និង​បេក្ខជន​បម្រុង​ចំនួន​១២៨ សរុប​២៥៦ និង​ទី​៤, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ ចំនួន​៨ មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​១៦១ និង​បេក្ខជន​បម្រុង​ចំនួន​១៦១ សរុប​៣២២​។​
​អនុលោម​តាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ប្រការ​២.៤៣ ចែងថា គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ត្រូវ​ពិនិត្យ​សម្រេច​លើ​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​យ៉ាង​យូរ ៥ (​ប្រាំ​) ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យសុំ​។ ក្នុង​ករណី គ​ធ​.​ខ​ប ពិនិត្យឃើញថា សំណុំ​លិខិត​របស់​គណបក្ស​នយោបាយ​ណាមួយ​ពុំបាន​បំពេញ​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​ប្រការ​២.៣៦ ដល់​ប្រការ​២.៤១ នៃ​បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គ​ធ​.​ខ​ប ត្រូវ​ជូនដំណឹង​ទៅ​សាមី​គណបក្ស​នយោបាយ​នោះ​វិញ ដើម្បី​បំពេញ​បន្ថែម ឬ​កែតម្រូវ​។ សាមី​គណបក្ស​នយោបាយ​ត្រូវ​បំពេញ​លក្ខខណ្ឌ ឬ​កែតម្រូវ​លក្ខខណ្ឌ ចំណុច​ដែល​ខ្វះខាត​យ៉ាង​យូរ​៥ (​ប្រាំ​) ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​នេះ​។​

សូមបញ្ជាក់ថា ដំណើរការ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ហើយ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា ត្រូវធ្វើ​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ហើយ​គណបក្សនយោបាយ ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត​ត្រូវយក​គំរូ​ពាក្យ​ស្នើសុំ​នៅ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ឬ​អាច​ទាញ​យក​គំរូ​ពាក្យស្នើសុំ​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប​។​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទៅ​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត បាន​ចាប់ផ្ដើម​ដំណើរ កាលពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ មាន​រយៈពេល​១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​។ អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ក្នុង​មុខតំណែង ដែល​មាន​សមាជិក សរុប​ចំនួន​១១,៥៧២​នាក់ ទូទាំង​ប្រទេស​។​

ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​​រដ្ឋបាល​រាជធានី​-​ខេត្ត ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការចេញលិខិត​បញ្ជាក់​ផ្សេងៗ​ជូន​ដល់​បេក្ខជន​ឈ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu