Ad Code

អូស្ត្រាលី​សារភាព​អំពី​បរាជ័យ​នៅ​ប៉ាស៊ីហ្វិក​ស្របពេល​ឥទ្ធិពល​ចិន​កំពុង​កើនឡើង



ប្រទេស​អូស្ត្រាលី​បាន​សារភាពថា ខ្លួន​មិនបាន​ផ្តោត​ការយកចិត្តទុកដាក់​គ្រប់គ្រាន់​លើ​ទីលាន​នៅ​តំបន់​ប៉ាស៊ីហ្វិក​របស់ខ្លួន​ទេ​ប៉ុន្តែ​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​វិសោធនកម្ម​រយៈពេល​យូរអង្វែង​ស្រប​ពេលដែល​ឥទ្ធិពល​របស់​ប្រទេស​ចិន​បាន​កើនឡើង​នៅក្នុង​តំបន់។

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​អន្ដរជាតិ​និង​ប៉ាស៊ីហ្វិក​លោកស្រី Anne Ruston បាន​ប្រាប់ AFP នៅ​ថ្ងៃ​សុក្រ​ថា “​ខ្ញុំ​គិតថា យើង​ត្រូវតែ​ទទួលយក​ការរិះគន់​ខ្លះ​។ យើង​ប្រហែលជា​មិនបាន​ដាក់​ការយកចិត្តទុកដាក់​និង​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើន​ចូលក្នុង​តំបន់​របស់​យើង​ដូចដែល​យើង​គួរ​ធ្វើ​ទេ​”​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ លោកស្រី Ruston បាន​ខិតខំ​ប្រឹងប្រែង​ជួសជុល​និង​ដោះស្រាយ​កិច្ចការ​រវាង​ប្រទេស​អូស្ត្រាលី​និង​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ដែលជា​ផ្នែក​មួយ​នៃ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​នាយករដ្ឋមន្ត្រី Scott Morrison នៅក្នុង​តំបន់។

គោលនយោបាយ​នេះ​រួមបញ្ចូល​ទាំង​ជំនួយ​បន្ថែម ជំនួយ​សន្តិសុខ​បន្ថែម អ្នកការទូត​ជាច្រើន​ទៀត​ដែល​ធ្វើការ​នៅក្នុង​តំបន់​ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​ទំនាក់ទំនង​ដោយផ្ទាល់​។​

វា​ជា​ផ្នែក​មួយ​ដ៏​ធំ​ដែល​ឆ្លើយតប​ទៅនឹង​សកម្មភាព​សេដ្ឋកិច្ច នយោបាយ​និង​យោធា​ដែល​កំពុង​រីកលូតលាស់​របស់​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់។

ខណៈពេលដែល​ប្រទេស​អូស្ត្រាលី​ផ្តោត​ការយកចិត្តទុកដាក់​លើ​ទីក្រុង Fallujah ជាង​កោះ​ហ្វី​ជី​នោះ ប្រទេស​ចិន​បានផ្តល់​ប្រាក់កម្ចី​និង​ការវិនិយោគ​នៅក្នុង​តំបន់​ហើយ​ស្វែងរក​កិច្ចសន្យា​ធនធានធម្មជាតិ​និង​ទូរគមនាគមន៍។

ការចូលរួម​ឡើងវិញ​របស់​ប្រទេស​អូស្ត្រាលី​ត្រូវបាន​រំខាន​ដោយ​ការខ្វែងគំនិត​គ្នា​ដ៏​ជ្រាលជ្រៅ​ជាមួយ​បណ្តា​ប្រជាជាតិ​ប៉ាស៊ីហ្វិក​អំពី​ជំហរ​ដ៏​គួរ​ឲ្យ​សង្ស័យ​របស់​រដ្ឋាភិបាល​អភិរក្សនិយម​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែលជា​ការគំរាមកំហែង​មួយ​ដល់​ប្រជាជាតិ​កោះ​ជាច្រើន។

នាយករដ្ឋមន្ត្រី​ហ្វី​ជី​លោក Voreqe Bainimarama គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ចោទប្រកាន់​ប្រទេស​អូស្ត្រាលី​ថា​បានដាក់​ឧស្សាហកម្ម​ធ្យូងថ្ម​របស់ខ្លួន​នៅ​ខាងលើ​សុខុមាលភាព​នៃ​ប្រជាជន​ប៉ាស៊ីហ្វិក។

ប្រទេស​អូស្ត្រាលី​បាន​ប្តេជ្ញាចិត្ត​ចំពោះ​គម្រោង​មហិច្ឆតា​មួយចំនួន​ដូចជា​ការជួយ​ប្រទេស​ប៉ា​ពួរ​ញ៉ូ​ហ្គី​ណេ​ដើម្បី​នាំយក​ចរន្តអគ្គិសនី​ដល់​ប្រជាជន​៧០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣០៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu