Ad Code

ប៉ូលិស​ហូ​ឡង់​ចាប់ខ្លួន​ជនសង្ស័យ ​បន្ទាប់ពី​បាញ់សម្លាប់​មនុស្ស​៣​នាក់



ប៉ូលិស​ហូ​ឡង់​កាលពី​ថ្ងៃ​ចន្ទ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដើមកំណើត​ទួរគី​ម្នាក់​ពាក់ព័ន្ធ​ការបាញ់ប្រហារ​លើ​រថភ្លើង​ដឹក​មនុស្ស​មួយគ្រឿង​ក្នុង​ទីក្រុង Utrecht ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​នៅក្នុង​អ្វីដែល​ក្រុមមន្ត្រី​និយាយថា​គឺជា​ការវាយប្រហារ​ភេរវកម្ម​។​

ប៉ូលិស​បាន​បើក​ការតាមប្រមាញ់​បុរស​ម្នាក់​ឈ្មោះ Gokmen Tanis អាយុ​៣៧​ឆ្នាំ​ដោយ​បញ្ចេញ​រូបភាព​នៃ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​និង​ព្រមាន​ដល់​សាធារណជន​កុំ​ឲ្យ​ទៅជិត​គាត់​បន្ទាប់ពី​ការវាយប្រហារ​ដែល​ក្នុងនោះ​ក៏មាន​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។​

វិហារ​ឥស្លាម​និង​សាលារៀន​ត្រូវ​បិទ​នៅ​ទូទាំង​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​បួន​របស់​ប្រទេស​ហូ​ឡង់​មួយ​នេះ​បន្ទាប់ពី​ការបង្ហូរ​ឈាម​មុនពេល​មន្ត្រី​ប្រដាប់អាវុធ​ជាច្រើន​នាក់​បាន​ឡោមព័ទ្ធ​អគារ​មួយ​ហើយ​បាន​ចាប់ខ្លួន​គាត់​។​

អាជ្ញាធរ​ហូ​ឡង់​បាន​និយាយថា ពួកគេ​នៅតែ​កំពុង​ស៊ើបអង្កេត​លើ​មូល​ហេតុដែល​ជំរុញ​ឲ្យ​មានការ​វាយប្រហារ​នេះ​។​

លោក Rob van Bree ស្នងការ​ប៉ូលិស​ក្រុង Utrecht បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​ប្រគល់​ក្រដាស​មួយ​សន្លឹក​ជាមួយ​ព័ត៌មាន​អំពី​ការចាប់ខ្លួន​នេះ​ថា “​យើង​ទើបតែ​បានដឹងថា ជនសង្ស័យ​ដែល​យើង​កំពុង​តាមរក​នោះ​គឺ​ត្រូវបាន​ចាប់ខ្លួន​ហើយ​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ អភិបាលក្រុង​លោក Jan van Zanen បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ដដែល​នេះ​ថា វា​គឺជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ទីក្រុង Utrecht​។​

រឿង​ហេតុនេះ​បានចាប់ផ្តើម​នៅពេលដែល​ស្នូរ​កាំភ្លើង​បាន​ផ្ទុះឡើង​នៅ​ជិត​រថភ្លើង​ដឹក​មនុស្ស​ក្បែរ​ទីលាន​24 Oktoberplein ដោយ​បណ្តាល​ឲ្យ​មនុស្ស​រត់គេចខ្លួន​ចេញពី​រថភ្លើង​ហើយ​បង្ក​ឲ្យ​មានការ​ឆ្លើយតប​ដ៏​ធំ​មួយ​របស់​ប៉ូលិស​។​

បន្ទាប់មក​ប៉ូលីស​បាន​បើក​ការ​ប្រមាញ់​ដ៏​ធំ​មួយ​ក្នុងអំឡុង​ពេលដែល​ខ្មាន់កាំភ្លើង​សង្ស័យ​ត្រូវបាន​គេ​ជឿថា​បាន​ប្លន់​រថយន្ត​ម៉ាក Renault Clio មួយគ្រឿង​មុនពេល​ត្រូវបាន​ចាប់ខ្លួន​ប្រហែល​ប្រាំពីរ​ម៉ោង​ក្រោយមក​ក្នុង​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ពី​ទីតាំង​វាយប្រហារ​។​

គួរ​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅតាម​ព្រលានយន្តហោះ​និង​អគារ​រដ្ឋាភិបាល​ដទៃទៀត​បន្ទាប់ពី​ការវាយប្រហារ​នេះ​ដែល​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មនុស្ស​ចំនួន​៥០​នាក់​ត្រូវបាន​សម្លាប់​នៅ​វិហារ​ឥស្លាម​ក្នុងប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu