នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់លោកស្រី Jacinda Ardern កាលពីថ្ងៃចន្ទបានបញ្ជាឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចូលទៅក្នុងថាតើប៉ូលិសនិងសេវាចារកម្មអាចរារាំងការវាយប្រហារនៅវិហារឥស្លាមក្រុង Christchurch កាលពីថ្ងៃទី១៥ខែមីនាបានដែរឬក៏អត់។
លោកស្រី Ardern បាននិយាយថា គណៈកម្មាការភូមិន្ទដែលជាការស៊ើបអង្កេតយុត្តិធម៌ដ៏មានឥទ្ធិពលបំផុតនៅក្រោមច្បាប់របស់ប្រទេសនូវែលហ្សេឡង់គឺត្រូវការជាចាំបាច់ដើម្បីរកឲ្យឃើញអំពីរបៀបដែលខ្មាន់កាំភ្លើងតែម្នាក់អាចសម្លាប់មនុស្សចំនួន៥០នាក់នៅក្នុងការវាយប្រហារមួយដែលធ្វើឲ្យពិភពលោកភ័យរន្ធត់។
លោកស្រីបានប្រាប់ក្រុមអ្នកកាសែតថា “វាសំខាន់ណាស់ដែលត្រូវដឹងថាតើអំពើភេរវកម្មនេះបានកើតឡើងដោយរបៀបណានិងថាតើយើងអាចបញ្ឈប់វាបានដោយរបៀបណា”។
ភ្នាក់ងារចារកម្មនូវែលហ្សេឡង់បានប្រឈមមុខនឹងការរិះគន់បន្ទាប់ពីការវាយប្រហារនេះ។
ជនរងគ្រោះទាំងអស់គឺជាអ្នកកាន់សាសនាមូស្លីមហើយការសម្លាប់រង្គាលនេះត្រូវបានគេចោទប្រកាន់ថាធ្វើឡើងដោយអ្នកនិយមស្បែក.សម្នាក់ដែលអះអាងថា ពួកឥស្លាមនិយមមានផែនការឈ្លានពានប្រទេសលោកខាងលិច។
លោកស្រី Ardern បាននិយាយថា “សំណួរមួយដែលយើងត្រូវឆ្លើយគឺថា តើយើងអាចឬគួរដឹងបន្ថែមទៀតដែរឬអត់”។
ស្របពេលជាមួយគ្នានោះ លោកស្រី Ardern បានច្រានចោលនូវការណែនាំឡើងវិញនៃទោសប្រហារជីវិតសម្រាប់ខ្មាន់កាំភ្លើងឈ្មោះ Brenton Tarrant អាយុ២៨ឆ្នាំដែលត្រូវបានចាប់ខ្លួនប៉ុន្មាននាទីបន្ទាប់ពីការវាយប្រហារនៅវិហារឥស្លាមហើយត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។
លោកស្រីបាននិយាយទៀតថា ព័ត៌មានលម្អិតនៃគណៈកម្មាការភូមិន្ទកំពុងត្រូវបានសម្រេចប៉ុន្តែវានឹងទូលំទូលាយហើយនឹងរាយការណ៍ឲ្យទាន់ពេលវេលា។
វានឹងពិនិត្យមើលសកម្មភាពរបស់សេវាចារកម្ម ប៉ូលិស គយ អន្តោប្រវេសន៍និងភ្នាក់ងាររដ្ឋបាលផ្សេងទៀតដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments