Ad Code

បុរស​ម្នាក់ ចេះ​តែ​ប្រាប់​ថា ​ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ហើយ ឥឡូវ​ស្លាប់​មែន​



​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​រសៀល​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ធ្វើ​អត្តឃាត​ចង.ក ​សម្លាប់ខ្លួន​ ក្នុង​បន្ទប់​ផ្ទះ​ជួល​(​ផ្ទះ​បោះបង់ ចោល​)​ស្ថិតក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​កម្លាំង​ផ្នែក​ពិនិត្យ​វិភាគ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្រុក​អន្លង់វែង​,​គ្រូ ពេទ្យ​សរុប​ចំនួន​០៦​នាក់ បាន​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ ចម្ងាយ​ពី​ផ្លូវ​ប្រហែល​១០០​ម៉ែត្រ ​ក្នុង​បន្ទប់​ជួល​ចាស់។

ជនរងគ្រោះ ​ឈ្មោះ ជា ពឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ អូរ​ជញ្ជៀន ឃុំ​/​ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បាត់​ខ្លួន​ កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០០​នាទី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ នៅ​កន្លែង​កើតហេតុ​ សាកសព​បាន​ស្លាប់​ក្នុង​ស្ថានភាព​ចង.ក​ ដោយ​ខ្សែ​អង្រឹង​ ពណ៌​ខ្មៅ ​ប្រវែង​ប្រហែល​០២​ម៉ែត្រ ចងភ្ជាប់​នឹង​ផ្លាន ​ក្នុង​បន្ទប់​ជួល​ចាស់ ​គ្មាន​មនុស្ស​នៅ សាកសព​ពាក់​អាវយឺត​ស​ ដៃ​ខ្លី ស្លៀក​ខោ​ពណ៌​ប្រផេះ​ ជើងវែង មាន​សភាព​ហើម​ស្អុយរលួយ។

សមត្ថកិច្ច​បាន​បន្តថា លើ​រាងកាយ​សាកសព មិន​មាន​ស្នាមរបួស​បែកបាក់​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នឹង​អំពើ​ឃាតកម្ម​ឡើយ។

ឆ្លងតាម​ការបំភ្លឺ​របស់​ ឈ្មោះ យឹម ឡាយ​អៀង ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ត្រូវជា​បង​បង្កើត​) និង ឈ្មោះ​យឹម សុ​ម៉ាលី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ​ត្រូវជា (​ក្មួយបង្កើត​) បាន​រៀបរាប់​ប្រាប់​ថា ​ជនរងគ្រោះ​មាន​ជំងឺ​សរសៃ​ប្រាសាទ​ ដោយ​ធ្លាប់មាន​របួស​ មាន​អំបែង​គ្រាប់​ជាប់​នឹង​សួត​, ថ្លើម​,​ក្បាល លេប ថ្នាំ​សរសៃ​ប្រសាទ​ជាប្រចាំ​ ហើយ​កន្លងមក ​ជនរងគ្រោះ​បាន​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ថៃ​(​ដាំ​ធុ​រេ​ន​)​ នៅ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ អស់​រយៈពេល​ជាង​០២​ខែ​មក​ហើយ ទើបតែ​ត្រឡប់​មកលេង​ផ្ទះ​បាន​រយៈពេល ៣/៤ ថ្ងៃ មុន​ថ្ងៃ​បាត់ ខ្លួន​ ដោយ​ជនរងគ្រោះ​តែង​ត្អូញ​ប្រាប់ថា​ ឈឺក្បាល​ជាប្រចាំ ​និង​ចេះតែ​និយាយប្រាប់​បងស្រី​ថា ​ខ្ញុំ​នឹង​សម្លាប់ខ្លួន​ហើយ មកដល់​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១២​និង​០០​នាទី ក៏បាន​បាត់​ខ្លួន​តែម្ដង ហើយ​សាច់ញាតិ​ក៏បាន​ តាមរក​គ្រប់​ទីកន្លែង​អស់​រយៈពេល​០៣​ថ្ងៃ​ តែ​រក​មិន​ឃើញ​។​

រហូតដល់​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ ទើប​បងស្រី​ឈ្មោះ យឹម ឡាយ​អៀង ត្រូវជា​បងស្រី​បង្កើត បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​មាន​ធុំក្លិន​ស្អុយ ​ហើយក៏​ដើរ​តាមរក​មកដល់​បន្ទប់​ជួល ​ស្រាប់​តែ​ប្រទះ​ឃើញ​សាកសព​បានធ្វើ​អត្តឃាត​ចង.ក ​ក្នុង​បន្ទប់​ជួល​ចាស់ រួច​ក៏បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​តែម្តង។

សមត្ថកិច្ច​បាន​បន្តទៀត​ថា តាម​ការ​សន្និដ្ឋាន សាកសព​ បាន​ស្លាប់​ដោយ​ចង.ក ​ធ្វើ​អត្តឃាត​ពិត​ប្រាកដ​មែន​ គឺ​ពុំមាន​អ្វី​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះឡើយ។

បច្ចុប្បន្ន បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​ចប់សព្វគ្រប់ ក៏​បាន​ធ្វើការ​ប្រគល់​កំណត់ហេតុ​ និង​សាកសព​ជូន​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu