Ad Code

ពុទ្ធ ឆាយ​រិទ្ធី ជួប ផេ​ត​ឆ័​ត្រ​ឆ័យ ឯ មា​ជ សុខ​រ៉ា ជួប ក្លា​ ឃុន​សឹក នៅ​សង្វៀន​ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

ពុទ្ធ ​ឆាយ​រិទ្ធី ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម (Phetchchharchai Sor.Bunyeam) ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ឆាយ​រិទ្ធី ជួប ផេ​ត​ឆ័​ត្រ​ឆ័យ​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ សម្រាប់​ជំនួប​រវាង​ពុទ្ធ ឆាយ​រិទ្ធី និង ផេ​ត​ឆ័​ត្រ​ឆ័យ​នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

ផេ​ត​ឆ័​ត្រ​ឆ័យ បើ​ធៀប​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី នោះ ក៏​ប្រហែលជា​ពុំ​អាច​ឈ្នះ​ពុទ្ធ ឆាយ​រិទ្ធី បានដែរ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ មានបទពិសោធន៍​មិនជា​ល្អ​និង​ខ្លាំង​ជាង​ឆាយ​រិទ្ធី​នោះឡើយ។​

ពុទ្ធ ឆាយ​រិទ្ធី ឥឡូវនេះ​គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញ​ថា​គេ​ខ្លាំង​ និង​ល្អ​ជាង​មុន​។ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​១១៩​លើក ឈ្នះ​៩២​លើក ចាញ់​២៥​លើក និង​ស្មើ​០២​លើក ខណៈ​ដែល​ផេ​ត​ឆ័​ត្រ​ឆ័យ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៩​លើក និង ចាញ់​១០​លើក មិនដែល​ស្មើ។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​ ប៉ុន្តែ​យ៉ាងណា ពុទ្ធ ឆាយ​រិទ្ធី បាន​អះអាងថា ចំពោះ​ការប្រកួត​លើក​នេះ ថ្វីត្បិតតែ​គេ​មិន​ធ្លាប់​ដែល​ជួប​ផេ​ត​ឆ័​ត្រ​ឆ័យ តែ​គេ​មិន​ញញើត​នោះឡើយ។

គួរ​បញ្ជាក់ថា ពុទ្ធ ឆាយ​រិទ្ធី ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​បាន​ប្រកួត​ឈ្នះ មី​ឈូក ( My Chhuok )​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០៣​ ខែ​មីនា​ ឆ្នាំ​២០១៩ កន្លងមកនេះ។​

ចំពោះ មា​ជ សុខ​រ៉ា គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្លា​ឃុន​សឹក ផរ​.​ប៉ា យ៉ា​ស៊ូ​(Klakhunserk Phor.Payasue )​។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម​ដែរ។​

ក្លា​ឃុន​សឹក គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង។ ​ទោះជា​យ៉ាងណា មា​ជ​សុខ​រ៉ា ជួប​ជាមួយ​ក្លា​ឃុន​សឹក លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ ​ក្លា​ ឃុន​សឹក គេ​ជា​ជើង​ខ្លាំង ​និង​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា​អស់​ច្រើន​នាក់​មកហើយ។​

មា​ជ សុខ​រ៉ា គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ​។​យ៉ាងណា មា​ជ សុខ​រ៉ា លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើឲ្យ ​ក្លា​ឃុន​ សឹក​ ពិបាក​សង្ឃឹម​ឈ្នះ​ដែរ។​

ក្លា​ ឃុន​សឹក បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំណត់ត្រា​ប្រកួត​ជិត​១០០​លើក​ ឈ្នះ​៧៨​លើក​ចាញ់​១៥​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​២១​លើក​ឯណោះ​។​ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​រប​ស់ មាជ សុខ​រ៉ា គឺ​ច្រើនជាង​សុខ​រ៉ា ដោយ​មា​ជ សុខ​រ៉ា មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៧០​លើក ចាញ់​១៤​លើក និង​ស្មើ​០៣​លើក។​

ទោះជា​យ៉ាងនេះ​ក្តី មា​ជ សុខ​រ៉ា មិនអាច​មើលងាយ​ក្លា​ឃុន​សឹក​បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ទើបតែ​ស្គាល់​ចាញ់​១៥​លើក​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ជិត​១០០​លើក​នោះ។ ចាំមើល​មា​ជ សុខ​រ៉ា និង ក្លា​ឃុន​សឹក នេះ តើន​រណា​ជា​អ្នកឈ្នះ?​ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​សងសឹក​ជាមួយ​មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។​

ប៊ុន​ហ៊ីម បាន​វាយ​ចាញ់​សារ៉ាក់​ ក្នុង​ទឹក​ទី​៣​ កាលពី​ចុងខែ​ធ្នូ​កន្លងមក​នោះ។ សម្រាប់ ការឡើង​សង​សឹក​នេះ ពុំ​ដឹងថា គួ​ន ប៊ុន​ហ៊ីម គេ​សងសឹក​មាស សារ៉ាក់ បានសម្រេច ​ឬ​អត់​នោះទេ​?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu