Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ប្រកាស​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​ឲ្យ​មក​ធ្វើ​ឯកសារ​នៅ​ច្រក​តែមួយ​បញ្ឈប់​ការ​ឲ្យ​អ្នក​គក់​ជេរ​រត់​ឯកសារ



​ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា ​អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា​ ជា​រៀង​រាល់ពេល​ប្រជុំ​ ឬ ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ទាំង​៨​ក្នុង​ខណ្ឌ​ច្បារអំពៅ ​លោក​តែងតែ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បើ​ចង់បាន​ឯកសារ​អ្វី​ផ្សេងៗ​ យក​ទៅ​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​សូម​មក​ជួប​មន្ត្រីរាជការ​ប្រចាំការ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ជៀសវាង​ឲ្យ​អ្នក​គក់ជេរ​រត់ការ​ឲ្យ​នាំ​បាត់បង់​ថវិកា​ច្រើន​ហើយ​ចំណាយ​ពេលវេលា​វែងឆ្ងាយ​ទៀតផង​។



លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀត​ថា ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​សាលា​ខណ្ឌ​ច្បារអំពៅ​ គឺ​ទទួល​ធ្វើ​ឯកសារ​ពាក់​ព័ន្ធ និង​ផ្លូវច្បាប់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​បាន​យ៉ាង​ស្របច្បាប់​ ហើយ​ឯកសារ​មួយចំនួន​មិន​ត្រង់​ប្រាក់​ទៀត​ផង​។ ប៉ុន្តែ​បើ​ឲ្យ​អ្នក​គក់ជេរ​រត់ការ​វិញ​គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​តាម​ការ​ទាមទារ​របស់​អ្នក​គក់​ជេរ​ ហើយ​មានពេលខ្លះ​អ្នក​គក់​ជេរ​យក​ឯកសារ​ទៅ​ទុកចោល​រួច​ទម្លាក់កំហុស​ថា​មកពី​មន្ត្រី​សាលាខណ្ឌ​និង​សង្កាត់​ធ្វើការ​យឺតយ៉ាវ​ទៅវិញ​។



លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ​រាល់​ឯកសារ​ទាំងអស់​បើសិនជា​ប្រជាពលរដ្ឋ​ចង់បាន​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​លឿន​ហើយ​មិន​ចំណាយ​ថវិកា​ច្រើន​ គឺ​ត្រូវ​មក​បំពេញ​ឯកសារ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ​នៅ​សាលាខណ្ឌ​ច្បារអំពៅ​រាល់ពេល​ម៉ោង​ធ្វើការ​ដោយមាន​មន្ត្រី​ប្រចាំការ​រង់ចាំ​បម្រើសេវា​ជូន​ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​លោក​រង់ចាំ​យូរ​ឡើយ​។ ហើយ​សូម្បីតែ​បច្ចុប្បន្ន​អគ្គិសនី​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ​ប៉ុន្តែ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ទិញ​ម៉ា​ស៊ីន​ភ្លើង​ដាក់​បញ្ឆេះ​នៅពេល​ដាច់​ភ្លើង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ខកខាន​ឯកសារ​ដែល​ប្រជាពលរដ្ឋ​លោក​មក​ធ្វើ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ឲ្យ​បាន​ឆាប់​និង​មិន​ចំណាយ​ថវិកា​ច្រើន​ដោយ​តម្លៃ​សេវា​ គឺ​មាន​បិទ​នៅក្នុង​ការិយាល័យ​ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​តាមផ្លូវ​ច្បាប់​ដោយ​មិន​មាន​មន្ត្រី​ណា​ម្នាក់​យក​លើស​ពី​តារាង​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu