ស្វាយរៀង ៖ លោក សេក សំអុល ប្រធានការិយាល័យភូមិបាល និងជាប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យ នៃមន្ទីររៀបចំដែនដីនគរោបនីយកម្ម និងសំណង់ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានធ្វើការជំរុញដល់ប្រជាពលរដ្ឋណាមានដី ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របនឹងច្បាប់ ទើបពុំមានរឿង និងអាចលក់ បញ្ចាំបានទៀតផង។
លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅនៅភូមិព្រីងជ្រំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ស្ថិតក្នុងវត្តត្រពាំងលាជ។
លោក បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមស្វែងយល់អំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិនេះ ដើម្បីពិនិត្យថា តើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹត ទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវហើយឬនូវ ក៏ដូចជាការរួមចំណែក នូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និង ការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៦នេះផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ឹង សារ៉ា អភិបាលរងស្រុកកំពង់រោទិ៍បានថ្លែងថា យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ជាមួយក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ តម្រូវឲ្យម្ចាស់ក្បាលដីអ្នកកាន់កាប់ដីបង់សេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែមួយគត់ពេលមកទទួលប័ណ្ណ ត្រូវបង់ក្នុងតម្លៃ ដីកសិកម្មជនបទ ស្មើ១រៀល ក្នុង១ម៉ែត្រការ៉េ ដីលំនៅឋានជនបទគឺ១ម៉ែត្រការ៉េ ស្មើ១០រៀល ដីទីប្រជុំជនស្រុក គឺ១ម៉ែត្រការ៉េ ស្មើ២០រៀល ដីទីប្រជុំជនខេត្ត ឬ ដីជាទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េ ស្មើ២៥០រៀល ដីទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េស្មើ៥០០រៀល៕
Source: Kampuchea Thmey Daily
0 Comments