Ad Code

សង្ស័យ ​ផ្ដើមចេញពី​រឿង​លាភសក្ការៈ​លក់​ដី​ក្បែរ​វត្ត​ចែកគ្នា​ មិន​ស្មើ​ ទើប​ផ្ទុះ​អធិករណ៍​នៅ​វត្ត​ជន្លង់​ម្លូ​



​ភ្នំពេញ ៖ បើ​និយាយ​ពី​វត្ត​ទាំងអស់​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្មាន​វត្ត​ណា​មានរឿង​អាស្រូវ​ច្រើន​ដូច​វត្ត​ជន្លង់​ម្លូ​នេះ​ទេ ពោល​គឺ​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​មិនចេះចប់​មិនចេះហើយ​ ទោះបី​ប្ដូរ​ចៅ​អធិការ​វត្ត ប៉ុន្មាន​កញ្ឆេរ​ទៀត​ ក៏​នៅតែ​មានរឿង​រហូត​ដែរ​ ព្រោះ​ចៅអធិការ​វត្ត​ដែល​មក​គ្រប់គ្រង​ដឹក​នាំ​វត្ត​នេះ​ឡើង​មក ​ដោយ​ការលើក​បន្ដុប​ពី​ថ្នាក់លើ​ មិនដែល​សួរ​ចិត្ត​ពលរដ្ឋ​ចំណុះជើងវត្ត​ទេ ម្យ៉ាង​ចៅអធិការ​ទាំងនោះ​ភាគច្រើន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជួនកាល​មាន​ចៅអធិការ​ខ្លះ​ប្រព្រឹត្ត​អបាយមុខ​ជាមួយ​កូនចៅ​អ្នកស្រុក​ទៀតផង។​

ជាក់ស្ដែង​មកដល់​ជំនាន់​ចៅអធិការ​វត្ត​ចុងក្រោយ​នេះ​ ដែល​ត្រូវបាន​ថ្នាក់លើ​លើក​បន្ដុប​ដែរ​នោះ ពេល​នេះ​មានរឿង​ទៀតហើយ ​ដែល​រឿងលើក​នេះ ​ត្រូវបាន​ប្រភព​បង្ហើប​ថា​ អាច​ផ្ដើម​ចេញពី​ផល​ប្រយោជន៍​លុយកាក់​បានមកពី​ការលក់​ដី​វត្ត​ឲ្យ​គេ​ធើ​ម៉ុង​ខ្មោច ​ខ្សែស្រឡាយ​ចិន​ បាន​លុយរាប់​ម៉ឺន​ដុល្លារ ​រួច​លាក់លាម​កិបកេង​គ្នា​ រវាង​ព្រះសង្ឃ​ និង​គណៈកម្មការ​អាចារ្យ​ ទើប​បង្កជម្លោះ​មិន​ចេះ​ឈប់​ឈរ។

តែ​ជម្លោះ​លើក​នេះ​ ត្រូវបាន​គេ​អះអាងថា​ ផ្ដើមចេញពី​រឿង​ចៅអធិការ​វត្ត​អង្គ​នេះ​ ហាមប្រាម​មិន​ឲ្យ​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ចូលទៅក្នុង​វត្ត​ ដើម្បី​ធ្វើបុណ្យ​ទាន​ចំ​ថ្ងៃសីល ហើយ​មាន​បរិស័ទ ខ្លះ​មាន​ជំនឿ​ខាង​ព្រហ្មញ្ញ​សាសនា​ប្រារព្ធ​ពិធី​បន្តិចបន្តួច ​ត្រូវបាន​ចៅអធិការ​វត្ត​ហាមឃាត់ មិន​ឲ្យ​ចូល​ទៅក្នុង​វត្ត​ទៅវិញ។​

វត្ត​ជន្លង់ម្លូ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​តាំងពី​បុរាណ​កាល​មក ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​គោរព​ប្រតិបត្តិ​នូវ​ជំនឿ​សាសនា ទាំង​ព្រះពុទ្ធ​សាសនា ទាំង​ព្រហ្មញ្ញសាសនា ជា​រៀងរាបដរាបមក​ដល់​បច្ចុប្បន្ន ទោះបី​បច្ចុប្បន្ននេះ​ច្បាប់​ចែងថា​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ តែ​ជំនឿ របស់​ពលរដ្ឋ​ប្រកាន់ខ្ជាប់​នៅ​ដដែល នូវ​សាសនា​ទាំង​២ ដើរ​ទន្ទឹមគ្នា គ្រប់​ទី​អារាម ទោះជា​ព្រះពុទ្ធសាសនា​ជាធំ​ពិតមែន ក៏​នៅតែមាន​ប្រតិបត្តិ​នូវ​ព្រហ្មញ្ញសាសនា​ជាមួយ​ផងដែរ សូម្បីតែ​សម្តេច​សង្ឃ ក្នុង​បុ​រម​រាជវាំង ក៏​ សម្ដេច​ គោរព​នូវ​ជំនឿ​ព្រហ្មញ្ញ​ដែរ ក៏ប៉ុន្តែ ចម្លែក​តែ​វត្ត​ជន្លង់ម្លូ ក្នុងពេល​ថ្មីៗ​នេះ ត្រូវបាន​ព្រះគ្រូ​ចៅអធិការ​វត្ត អ៊ឹម សែម រារាំង​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ខាងលើ បរិស័ទ​ចំណុះជើងវត្ត អ្នកស្រុក ឲ្យ​គោរព​ប្រតិបត្តិ​ជំនឿ​ព្រហ្មញ្ញសាសនា នៅក្នុង​វត្ត​ជន្លង់ម្លូ​ឡើយ ក្នុង​ហេតុផល គ្មាន​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​ផ្ទុះ​អធិករណ៍ រវាង​ប្រជាពលរដ្ឋ ជាមួយ​ចៅអធិការ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពលរដ្ឋ​ខឹង សម្បារ​នឹង​គ្រូ​ចៅអធិការ​វត្ត ទើប​មក​ធ្វើជា​មេវត្ត​ថ្មី បំបិទ​សិទ្ធិ​ពលរដ្ឋ រឿង​ជំនឿ​សាសនា រហូតដល់ ដេញ រារាំង ប្រជាពលរដ្ឋ មិន​អនុញ្ញាត​ចូល​វត្ត​ក្នុង​ថ្ងៃសីល​ទៀតផង​ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ផ្ទុះ​កំហឹង ប្រមូលផ្ដុំ​តវ៉ា ដល់​អាជ្ញាធរ​សង្កាត់ នៅតែ​ដោះស្រាយ​មិន​ចេញ​មកដល់​ព្រឹក​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៩​នេះ ពលរដ្ឋ អ្នកស្រុក រាប់​រយ​នាក់​ត្រៀម ឡើង​តវ៉ា​នៅ​ការិយាល័យ​ធម្មការ ដើម្បី​ឲ្យ​ដឹង​ស​ខ្មៅ នេះ​បើ​តាម​ពលរដ្ឋ​លើក​ឡើង។​

ពលរដ្ឋ​បាន​លើកឡើងថា ចៅអធិការ​វត្ត ឡើងកាន់តំណែង​ដោយសារ​ការលើក​បន្ដុប ពី​ថ្នាក់លើ មក​កាង​ទី​អារាម ខុស​ទំនៀប​ទម្លាប់ ប្រពៃណី​ពលរដ្ឋ​ខ្មែរ ធ្វើ​ឲ្យ​ប្រជាជន​អស់ជំនឿ ព្រះពុទ្ធសាសនា​ចុះ​អន់ថយ ដោយសារ​ព្រះសង្ឃ​អង្គ​លើក​បន្ដុប រូបនេះ។​

តែបើ​តាម​ប្រភព​ផ្សេងទៀត​បាន​បង្ហើប​ឲ្យ​ដឹងថា វត្ត​ជន្លង់​ម្លូ ចាប់តាំងពី​ផ្តើម​កាប់​ព្រៃ​ឈើទាល យក​ដី​លក់ សម្រាប់​បញ្ចុះសព អនុញ្ញាត​ឲ្យ​ធ្វើ​ម៉ុង កាលណា​មក ផ្ទៃក្នុង​វត្ត ផ្ទុះ​អធិករណ៍​ច្រើនលើកច្រើនសា​ហើយ ដោយសារតែ​លាភសក្ការៈ លុយ​ចំណូល​ច្រើនតែ​ចៅអធិការ​ស៊ីដាច់ ប្តូរ​ពីមួយ​អង្គ​ទៅមួយ​អង្គ មកដល់ពេលនេះ ចៅអធិការ​ថ្មី ត្រូវបាន​លើក​បន្ដុប ពី​ថ្នាក់លើ ព្រះនាម អ៊ឹម សែម អស់​រយៈពេល​៣​ឆ្នាំ​ហើយ សូម្បីតែ​លុយ​ចំណូល​បានមកពី បុណ្យទាន លក់​ដី​ក្បែរ វត្ត ក៏​លោក​កិបកេង​ដែរ លក់បាន​៤​ម៉ឺន​ដុល្លារ មក​ប្រាប់ថា​បានតែ​២​ម៉ឺន ហើយ​លុយ​២​ម៉ឺន​នោះ​ទៀតសោត និង​លុយ​ផ្សេងៗ លោក​ចៅ​អធិការ​អ្នកកាន់កាប់​ទាំងអស់ ចាត់ទុកថា គណៈកម្មការ​វត្ត​ជា​ទីងមោង។​

រឿងរ៉ាវ​មិនចេះចប់ នៅ​វត្ត​ជន្លង់ម្លូ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ លើ​មេវត្ត​អង្គ​ណា​ ក៏​ដូច​អង្គ​ណា ដាក់​ឲ្យ​មក​ធ្វើ​ចៅអធិការ បូម បឺត​កេង​យក​តែ​លុយ ពលរដ្ឋ​សួរ​ច្រើន​ចាប់ផ្ដើម​ផ្ទុះ​ជម្លោះ ជាមួយ​បរិស័ទ​មិន​ចេះ​ចប់​មិនចេះហើយ៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu