Ad Code

អភិបាលខេត្ត​ត្បូងឃ្មុំ ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​តំបែរ និង​មន្ទីរ​ជំនាញ រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​



​ត្បូងឃ្មុំ ​៖ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ជំរុញ​ឲ្យ​អភិបាលស្រុក​តំបែរ សហការ​ជាមួយ​មន្ទីរជំនាញ ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​រាល់​បញ្ហា​នានា ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ត្រួតពិនិត្យ ពិភាក្សា និង​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ភ្លាមៗ ពិសេស​បញ្ហា​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព។

មានប្រសាសន៍​ជំរុញ​បែបនេះ បានធ្វើ​ឡើង​នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​តំបែរ ក្នុង​ឱកាស​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ ក្រុមប្រឹក្សាឃុំ​មេភូមិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ចំណុះ​ឲ្យ​រដ្ឋបាល​ស្រុក​តំបែរ ដើម្បី​ស្តាប់​បញ្ហា​ប្រឈម សំណូមពរ និង​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។

ក្នុងឱកាស​នោះ អាជ្ញាធរ​ឃុំ​មួយចំនួន​ក្នុងស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានលើកឡើង​នូវ​បញ្ហា​ប្រឈម សំណូមពរ​មួយចំនួន ដល់​អាជ្ញាធរខេត្ត​ពិនិត្យ លទ្ធភាព​ជួយ ពិសេស​កា​រ​ត​បណ្ដាញ​អគ្គិសនី ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ និង​ប្រជាពលរដ្ឋ​ក្រីក្រ មិនមាន​ដី និង​ទី​ជម្រក​ស្នាក់នៅ​។

ជាការ​ឆ្លើយតប ចំពោះ​បញ្ហា​កា​រត​បណ្តាញ​អគ្គិសនី ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ទីរ​ជំនាញ សិក្សា​លើ​បញ្ហា​នេះ នឹង​ដោះស្រាយ​ជូន​។

ឯកឧត្ដម​បណ្ឌិត បញ្ជាក់​យ៉ាងដូច​ច្នេះ​ថា ចំពោះ​កា​រត​បណ្តាញ​អគ្គិសនី លោក​នឹង​ពិភាក្សា​ជាមួយ​មន្ទីរជំនាញ រួមជាមួយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ពិនិត្យ​លទ្ធភាព ក្នុងការ​ត​បណ្តាញ​ចូល ដោយឡែក​ការខ្វះខាត​អគ្គិសនី​ប្រើប្រាស់​វិញ លោក ក៍​សុំ​ការ​អធ្យាស្រ័យ​ផងដែរ ព្រោះថា​មិនមែន​តែ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះទេ ដែល​ខ្វះខាត ពោលគឺ​ស្ទើរ​ទូទាំងប្រទេស ក៏​ដូចជា​ប្រទេសជិតខាង​យើង​។

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវ​ផង​ដែរ ដល់​អ្នកប្រើប្រាស់​អគ្គិសនី​ទូទាំងប្រទេស ឲ្យ​រួមគ្នា​កាត់បន្ថយ ​និង​សន្សំសំចៃ​ការប្រើប្រាស់​អគ្គិសនី ព្រោះ​ថា​ដោយសារ​កត្តា​កម្ដៅ​ឡើង​ខ្លាំង ធ្វើ​ឲ្យ​លទ្ធភាព​ក្នុង​ការផលិត​អគ្គិសនី​ប្រើប្រាស់ មានការ​ខ្វះខាត ដែល​ទាមទារ​ឲ្យ​មាន​ការ​អធ្យាស្រ័យ​ពី​អ្នកប្រើប្រាស់ រហូតដល់​ខែ​វស្សា​ចូល​មក​ដល់ ទើប​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ឡើងវិញ​។

ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ស្នើ​សុំ​ដី ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត ក៏បាន​បញ្ជាក់​ថា ឲ្យ​តែ​បងប្អូន​ពិតជា​ទីទាល់​ក្រ គ្មាន​ដី​គ្មាន​ទី​ជម្រក​ពិតប្រាកដ លោក​នឹង​ស្នើ​សុំ​ដី នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច ដែល​មាននៅ​ខេត្តក្រចេះ ចែក​ជូន​ដល់​បងប្អូន​ដែល​ពិតជា​ទី​ទាល់​ក្រ និង​ត្រូវការ​ពិតប្រាកដ។

ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏បាន​ស្នើ លោក​មេភូមិ​មេឃុំ ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​រាល់​បញ្ហា និង​សំណូមពរ ជាពិសេស​ពលរដ្ឋ​ណា​ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ​ពិតប្រាកដ ហើយ​រាយការណ៍​មក​ថ្នាក់ស្រុក និង​បន្ត​មក​ថ្នាក់​ខេត្ត ដើម្បី​ដោះស្រាយ​ជូន​ភ្លាមៗ​។ ជា​ចុងក្រោយ ​ចំណុច​ដែល​សំខាន់​បំផុត​នោះ គឺ​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ជាមួយ​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ ដ៏​ឆ្នើម​របស់​កម្ពុជា។

លោក សុខ សារិទ្ធ អភិបាលស្រុក​តំបែរ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​ការ​លើកស្ទួយ​ជីវភាព របស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូចជា ផ្លូវថ្នល់ ត​បណ្ដាញ​អគ្គិសនី សាលារៀន មណ្ឌល​សុខភាព ស្រះ​ទឹក ប្រព័ន្ធ​ប្រឡាយ​ជាដើម តែ​យ៉ាងណា​នៅ​មិនទាន់​បំពេញ​គ្រប់​តម្រូវការ​របស់​ប្រជាពលរដ្ឋ បាន​មួយរយៈ​ភាគរយ​នោះ​ទេ ដោយ​យើង​ត្រូវ​បន្ត​ធ្វើជា​ជំហានៗ។

ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បន្តទៅ​សំណេះ​សំណាល ជាមួយ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​វិទ្យាល័យ​ ហ៊ុន សែន​ តំបែរ ដោយ​ធ្វើការ​លើកទឹកចិត្ត​សិស្សានុសិស្ស ដែល​ប្រលង​ជាប់​និទ្ទេស​A​ទាំងអស់ ដោយ​សន្យា​ផ្តល់ជូន​នូវ​កុំព្យូទ័រ​យួរ​ដៃ ម្នាក់​១​គ្រឿង ព្រមទាំង​ជំរុញ​ឲ្យ​ពួកគាត់​ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​អនាគត​ខ្លួន​ផង ដើម្បី​កិត្តិយស​ក្រុមគ្រួសារ ពិសេស​ជា​ទំពាំង​ដ៍៏​មានគុណ​ភាព ដើម្បី​ស្នង​ឫស្សី សក្ដិសម​ជា​សសរទ្រូង​ប្រទេសជាតិ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu