រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro បានផ្គើនទៅនឹងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចាប់ខ្លួនជំនួយការជាន់ខ្ពស់របស់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Nestor Reverol បានចោទប្រកាន់ជំនួយការឈ្មោះ Roberto Marrero ជាមេធាវីអាយុ៤៩ឆ្នាំដែលជានាយអគ្គសេនាធិការរបស់លោក Guaido ពីបទដឹកនាំក្រុមភេរវកម្មមួយដែលបានវាយប្រហារលើភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលដោយមានជំនួយពីប្រទេសកូឡុំប៊ីនិងអាមេរិកកណ្តាលក៏ដូចជាសកម្មភាពបំផ្លិចបំផ្លាញលើសេវាសាធារណៈដើម្បីបង្កើតភាពវឹកវរផងដែរ។
លោកបាននិយាយថា អាវុធនិងសាច់ប្រាក់បរទេសត្រូវបានរកឃើញនៅក្នុងការវាយឆ្មក់មុនពេលព្រឹកព្រលឹមមួយលើផ្ទះរបស់លោក Marrero។
លោកបានបន្ថែមថា អង្គរក្សអាយុ៣៤ឆ្នាំរបស់លោក Marrero ឈ្មោះ Luis Paez ក៏ត្រូវបានចាប់ខ្លួនផងដែរនិងត្រូវប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នានេះហើយការស្រាវជ្រាវមួយកំពុងបន្តដើម្បីកំណត់អត្តសញ្ញាណអ្នកសហការដទៃទៀត។
ការចាប់ខ្លួននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងក្រុមនៃប្រជាជាតិអាមេរិកឡាទីនបូករួមទាំងកាណាដាផងដែរសុទ្ធតែបានថ្កោលទោសចំពោះការចាប់ខ្លួនលោក Marrero ហើយបានទាមទារឲ្យគាត់ត្រូវបានដោះលែងជាបន្ទាន់។
សហរដ្ឋអាមេរិកបានព្រមានរដ្ឋាភិបាលលោក Maduro ម្តងហើយម្តងទៀតមិនឲ្យចាប់ខ្លួនលោក Guaido ឬជំនួយការជិតស្និទ្ធរបស់គាត់បើមិនដូច្នោះទេវានឹងប្រឈមនឹងផលវិបាកមិនច្បាស់លាស់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់សាជាថ្មីថា លោកកំពុងពិចារណាលើ ជម្រើសទាំងអស់ក្នុងការចាត់ចែងឲ្យលោក Maduro ចុះចេញពីតំណែងហើយលោក Guaido ឡើងកាន់អំណាចឬអនុវត្តសកម្មភាពយោធាប្រសិនបើលោកគិតថាវាជាការចាំបាច់។
អ្នកនាំពាក្យអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានសម្តែងក្តីព្រួយបារម្ភចំពោះការចាប់ខ្លួននេះដោយជំរុញឲ្យភាគីទាំងអស់នៅប្រទេសវេណេហ្ស៊ូអេឡាចាត់វិធានការភ្លាមៗដើម្បីបន្ធូរបន្ថយភាពតានតឹងនិងទប់ស្កាត់សកម្មភាពណាមួយដែលអាចនាំឲ្យកើនឡើងនូវចលាចលបន្ថែមទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments