Ad Code

សវនាការ​សំណុំរឿង ​ឡាយ វណ្ណៈ ៖ របាយការណ៍ ​និង​កោសល្យវិច័យ​របស់​ប៉ូលិស​ខេត្ត​បញ្ជាក់​ថា​ជនរងគ្រោះ​ធ្វើ​អត្តឃាត



ភ្នំពេញ ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២២​មិនា ឆ្នាំ​២០១៩​នេះ បាន​បើក​បន្ត​សវនាការ​លើ​សំណុំរឿង​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​បងប្រុស​ជា​អតីត​ស្នងការរង​ខេត្តតាកែវ ជាប់ចោទ​ពីបទ​ឃាតកម្ម​លើ​ស្រី​កំណាន់ ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍា​នា កាលពី​ថ្ងៃទី​២៦​ ខែ​មករា ឆ្នាំ​២០១៨។​

អង្គ​សវនាការ​នា​ថ្ងៃនេះ​ ផ្ដោត​សំខាន់​លើ​ការសាកសួរ​សាក្សី​ចំនួន​៤​នាក់​ ដែលជា​សមត្ថកិច្ច​នគរ​បាល​ខេត្តតាកែវ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​២​នាក់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ត្រី​ជំនាញ​សុខាភិបាល​រាជធានី​ភ្នំពេញ​មួយរូប។​

ក្នុង​សវនាការ​លោក​អនុប្រធាន​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ លោក​ អូន នឿន ប្រធាន​ផ្នែក​បច្ចេកទេស បាន​ឆ្លើយបំភ្លឺ​តុលាការ​ថា នៅ​ថ្ងៃទី​២៦​មករា វេលា​ម៉ោង​ប្រមាណ​២១​និង​១៥​នាទី ខ្លួន​បានទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​លោក​ស្នងការរង​ទទួល​បន្ទុក​បច្ចេកទេស​មក​ថា ​មាន​ករណី​ស្លាប់​ស្ត្រី​ម្នា​ក់នៅ​ក្រុង​ដូន​កែវ។ បន្ទាប់មក​ លោកស្នងការ​បញ្ជា​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ចុះទៅ​កន្លែងកើតហេតុ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​សព។​

ក្រុមមន្ត្រី​កោសល្យវិច័យ​បាន​បញ្ជាក់ទៀតថា ពេលទៅដល់​កន្លែងកើតហេតុ​ ពួកខ្លួន​សង្កេតឃើញ​ថា កន្លែង​កើតហេតុ​ត្រូវបាន​គេ​ទន្ទ្រាន​លុកលុយ​ខុស​ប្រក្រតី​ហើយ។ បន្ទាប់មក​ពួកខ្លួន​ ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​សម្ភាស​សាក្សី​សំខាន់​ម្នាក់ ​ឈ្មោះ ​ចាន់ រី​ ដែលជា​អ្នកបម្រើ​ផ្ទាល់​របស់​ជនរងគ្រោះ​ ដើម្បី​ប្រមូល​ព័ត៌មាន​ទុកជា​មូលដ្ឋាន​ក្នុង​កា​រ​ស៊ើបអង្កេត។​

បន្ទាប់មកទៀត​ ក៏​ចាប់ផ្ដើម​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​បន្ទប់​បាន​រកឃើញ​ស្រោមសំបុត្រ​ហែក​មួយ​ ដែល​បាន​សរសេរ​ពី​វិបត្តិ​ស្នេហា​ដ៏​ជ្រាលជ្រៅ​ជាមួយនឹង​បុរស​ជា​ប្ដី​របស់គេ។​

ក្រោយពី​ពិនិត្យ​ស្ថានភាព​កន្លែងកើតហេតុ​ហើយ ពួកខ្លួន​ក៏​ពិនិត្យ​សាកសព រក​ឃើញថា​ស្ថានភាព​សព​ស្លាប់​នៅ​ប្រប​មាត់​បង្អួច​ ដោយ​យកដៃ​ស្ដាំ​ផ្អឹប​ជាប់​នឹង​ ក​ ទប់​ខ្សែ​រី​ដូ​វាំងនន​ ដែល​ចង​រឹត,​ក ហើយ​ដៃ​ឆ្វេង​លើក​មកកាន់​ខ្សែ​រី​ដូ ជើង​ទម្លាក់​ត្រង់ មាន​ទឹកនោម​ហូរ​ធ្លាក់​សើម​ខោ។ ពេល​ពិនិត្យ​ប្រដាប់​ភេទ​ឃើញ​ថា ​ជនរងគ្រោះ​កំពុង​មក​រដូវ​ ដោយមាន​សំឡី​អនាម័យ​ និង​ឈាម​ក្នុង​ប្រដាប់​ភេទ ។ ពេល​ពិនិត្យឃើញ​អាការៈ​នេះ ​គណៈកម្មការ​បច្ចេកទេស​ ក៏បាន​ពិភាក្សាគ្នា​ ហើយ​សម្រេច​សរសេរ​របាយការណ៍​ ដោយយោង​លើ​ព័ត៌មាន​ដែល​ប្រមូលបាន​នៅ​កន្លែងកើតហេតុ​បញ្ជាក់ថា​ ជនរងគ្រោះ​បាន​ធ្វើ​អត្តឃាតកម្ម​ដោយ​ខ្លួនឯង។​

ចំណែក ​លោក ឆូវ ឈួន ប្រធាន​មន្ទីរពេទ្យ​បង្អែក​តាកែវ​ដែល​បាន​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ​បានបញ្ជាក់​ខ្លី​ថា តាម​បទពិសោធន៍​របស់​លោក ​និង​ការពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ គឺ​ជនរងគ្រោះ​ពិតជា​ធ្វើ​អត្តឃាត​មែន។

រីឯ​ លោក ​នង សុ​វណ្ណា​រ័ត្ន មន្ត្រី​បច្ចេកទេស​ នៃ​មន្ទីរ​សុខាភិបាល បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​ភាព​ខុសគ្នា​ នៃ​ការ​ធ្វើអត្តឃាត​ដោយ​ចង.ក​ រួម​ទាំង​ការពិនិត្យ​លើ​កត្តា​ផ្សេងៗ​ជុំវិញ​កន្លែង​កើតហេតុ ដែល​ផ្ទុយ​ពី​ករណី​សម្លាប់​មនុស្ស​រួចហើយ​ ទើប​យក​ទៅ​ចង.ក ​ជា​ក្រោយ ដោយ​សង្ឃឹមថា​សេចក្ដី​ពន្យល់​របស់​អ្នកបច្ចេកទេស​ផ្នែក​កោសល្យវិច័យ​ គឺជា​ប្រទីប​មួយ​ដែល​អាចជួយ​រក​យុត្តិធម៌​ដល់​ជន​ជាប់ចោទ ​និង​ទាំង​ជនរងគ្រោះ។​ នេះ​គ្រាន់តែ​ជា​របាយការណ៍ ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ។ នៅ​សវនាការ​លើក​ក្រោយ​ តុលាការ​ នឹង​លើក​បង្ហាញ​ពី​របាយការណ៍​ និង​កោសល្យវិច័យ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដែល​រកឃើញ​លទ្ធផល​ផ្ទុយ​ពី​នគរបាល​មូលដ្ឋាន។

សំណុំរឿង​ក្ដី​នេះ ​ដោយសារ​ផុត​ម៉ោង​រដ្ឋបាល​ តុលាការ​ សម្រេច​ផ្អាក​សវនាការ​នៅ​ម៉ោង​១២​ហើយ​ នឹង​បន្ត​នៅ​ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខ។

សូម​រំលឹកថា ​នៅក្នុង​សំណុំ​រឿងនេះ តុលាការ​ បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ ទី​១​-ឈ្មោះ ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ទី​២​-ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ជា​បងប្រុស របស់​លោក ឡាយ វណ្ណៈ​) ពីបទ ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ជនជាប់ចោទ​ទី​៣​-ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណៈ និង​ទី​៤-​ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់ លោក​ស្រី ចែវ សុ​វ​ឌ្ឍ​នា ពីបទ លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ យោងតាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវគេ​ប្រទះឃើញ​ស្លាប់​ដោយ​ចង.ក​ នៅក្នុង​បន្ទប់​គេង​របស់​នាង នៅ​ក្នុង​ផ្ទះ​ជួល​ដ៏​ធំ​មួយ​ ដែល​ លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ នៅក្នុង​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រ​ការ​ ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ​។​

ភ្លាមៗ​ ករណីនេះ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្តែ​ក្រោយពី​បើក​ការស្រាវជ្រាវ សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​ថា ​ករណី​ខាងលើ មិនមែនជា​រឿង​អត្តឃាត​ឡើយ ពោល​ គឺជា​រឿង​ឃាតកម្ម​ទៅវិញ ដោយ​មាន​អ្នកបញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជនរងគ្រោះ​។​ ក្រោយពី​បើក​ការស៊ើបអង្កេត សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង​៤​នាក់​ខាងលើ​ បញ្ជូនមក​តុលាការ​ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ។​

សវនាការ​កន្លងមក​ លោក ​ឡាយ វណ្ណៈ ដែលជា​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ទៅក្នុង​អន្លង់​ស្នេហ៍​ដ៏​សែន​ផ្អែមល្ហែម​មាន​ជម្រៅ​កាត់ថ្លៃ​ពុំបាន តែងតែ​បដិសេធ​ថា ​ខ្លួន​មិន​ល្ងង់ខ្លៅ​រហូត​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន​នោះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu