Ad Code

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ជា​លើកដំបូង​លើ​កូរ៉េខាងជើង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ដែល​បរាជ័យ



សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បានដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ចិន​ចំនួន​ពីរ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​ដោយ​ប្តេជ្ញា​រក្សា​ការ​ដាក់ទណ្ឌកម្ម​ឲ្យ​បាន​តឹងរ៉ឹង​លើ​ក្រុង​ព្យុងយ៉ាង​បើទោះបី​ជាមាន​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់​ក៏ដោយ​។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton បាន​បង្ហោះ Twitter បន្ទាប់ពី​សេចក្តីប្រកាស​របស់​ក្រសួង​រតនាគារ​ថា “​ឧស្សាហកម្ម​ដែនសមុទ្រ​ត្រូវតែ​ធ្វើ​បន្ថែមទៀត​ដើម្បី​បញ្ឈប់​ការអនុវត្ត​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​របស់​កូរ៉េខាងជើង​”​។​

លោក​និយាយថា “​មនុស្ស​គ្រប់រូប​គួរកត់សម្គាល់​និង​ពិនិត្យមើល​សកម្មភាពរ​បស់​ខ្លួន​ឡើងវិញ​ដើម្បី​ធានាថា ពួកគេ​មិនបាន​ចូលរួម​នៅក្នុង​ការ​គេចវេស​ទណ្ឌកម្ម​របស់​កូរ៉េខាងជើង​”​។​

ក្រសួង​រតនាគារ​បាន​និយាយថា ខ្លួន​កំពុង​រារាំង​ផលប្រយោជន៍​ដ៏​មាន​សក្តានុពល​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​របស់​ក្រុមហ៊ុន Dalian Haibo International Freight Co.Ltd និង​ហាមឃាត់​ជនជាតិ​អាមេរិក​ពី​ការទាក់ទង​ជាមួយ​ក្រុមហ៊ុន​នេះ​។​

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​ទំនិញ​ចេញពី​កំពង់ផែ Dalian របស់​ចិន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ជំនួសមុខ​ឲ្យ​ក្រុមហ៊ុន Paeksol Trading Corporation ដែល​កាលពីមុន​បាន​លក់​លោហៈ​និង​ធ្យូងថ្ម​ដើម្បី​រកលុយ​ឲ្យ​ក្រុង​ព្យុងយ៉ាង​។​

ក្រសួង​រតនាគារ​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Liaoning Danxing International Forwarding Co.Ltd ផងដែរ​ដោយ​និយាយថា ក្រុមហ៊ុន​នេះ​បាន​ជួយ​ដល់​មន្ត្រី​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ក្នុង​ការទិញ​ទំនិញ​ឲ្យ​របប​នេះ​។​

គួរ​បញ្ជាក់ថា សកម្មភាព​នេះ​មាន​រយៈពេល​តិចជាង​មួយខែ​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​នៅ​ទីក្រុង​ហាណូយ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​ដែល​បាន​បរាជ័យ​ដោយសារ​ការទាមទារ​រ​បស់​ក្រុង​ព្យុងយ៉ាង​ឲ្យ​ដក​ទណ្ឌកម្ម​ជាបន្ទាន់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu