Ad Code

សុខ សុវណ្ណ ជួប ចាន់ វ៉ា​រិ​ទ្ធ ឯ នី​ម នន ជួប អេ​រ៉ា​វ៉ាន់ ចាន់​រាជ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​



​ប្រដាល់ ៖ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវគេ​ផ្គូផ្គងឲ្យ​ជួប​ប្រកួត​ជា​មួយ ​ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​៣០​ ខែ​មីនា ឆ្នាំ​​២០១៩​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៣​តុលា​២០១៨​កន្លងមក។ ដូច្នេះ ជំនួប​លើក​នេះ គឺជា​ការជួបគ្នា​លើក​ទី​២ និង​ការជួប​សងសឹក​របស់ ​ចា វ៉ា​រិ​ទ្ធ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ចា​ន៉ វ៉ា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ និង​មិនមាន​ឈ្មោះ​បោះ​សំឡេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ។ ជា​ទម្លាប់​របស់​សុខ សុវណ្ណ គេ​ឡើង​ប្រកួត​ច្រើន​វ៉ៃ​មិន​យោគយល់​អ្វី​នោះទេ។​ គេ​ឡើង​ប្រកួត​ចុងក្រោយ​នេះ (២៤​មីនា​២០១៩)​កន្លងទៅនេះ បាន​ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់​ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ទឹក​ទី​៣។​

ចំពោះ​ សុខ សុវណ្ណ វិញ ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ ដោយ​ត្រូវបាន​អ្នក​ស្នេហា​កីឡាប្រដាល់​ចាប់​អារម្មណ៍ ដោយសារតែ​ការប្រកួត​របស់គេ​ល្អ ហើយ​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់។

ទោះជា​គេ​មាន​វ័យ​ច្រើនជាង ចាន់ វ៉ា​រិ​ទ្ធ បន្តិច​ក្តី សម្រាប់​ស្នៀត​ប្រដាល់​របស់​ សុខ សុវណ្ណ មិនជា​ចាញ់​ វ៉ា​រិ​ទ្ធ​ នោះ​ទេ។ សម្រាប់​ការ​ជួបគ្នា​នេះ បើសិនជា​សុខ សុវណ្ណ ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ វ៉ា​រិ​ទ្ធ គឺ​ពិបាក​ហើយ ព្រោះ​ សុខ​ សុវណ្ណ មាន​តិចនិក​ល្អ​ជាង​។ សុខ​សុវណ្ណ យ៉ាប់​តែ​បញ្ហា​កម្លាំង​កាយសម្បទា​មួយ​មុខ​ប៉ុណ្ណោះ ឯ​ស្នៀត​ប្រដាល់​របស់គេ​មាន​ផ្លែ​ល្អ។ តែ​យ៉ាងណា ចាន់ វ៉ា​រិ​ទ្ធ ​ក៏មាន​ផ្លែ​ល្អ​ដែរ។ ដូច្នេះ ក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ​មិនអាច​ទាយ​មុន​ថា សុខ សុវណ្ណ ឈ្នះ ឬ ចាន់ វ៉ា​រិ​ទ្ធ ឈ្នះ​នោះឡើយ?។​

នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

ក្រុមអ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​បាន​និយាយថា នី​ម នន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ​និង​ចាស់​វស្សា តែ​មិន​ប្រាកដថា​ឈ្នះ ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ នោះ​ទេ ព្រោះ​ ចាន់​រាជ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង ជើង ជង្គង់ កែង ក៏​ពិសេស​ដែរ។ មួយទៀត អេ​រ៉ា​វ៉ាន់ គេ​មាន​កាយសម្បទា​រឹងមាំ ដៃជើង​វែង រហ័ស និង​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ទោះជា​យ៉ាងណាក្តី ការជួបគ្នា​រវាង ​នី​ម នន និង អេ​រ៉ា​វ៉ាន់ ចាន់​រាជ នេះ ពុំមាន​អ្នកណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះដែរ​?។

ប៉ុន្តែ​ទោះជា​យ៉ាងណា គេ​ក៏​មិន​ទុកចិត្ត​ចំពោះ​ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ប៉ុន្មាន​ដែរ ព្រោះ ​ចាន់​រាជ ប្រកួត​មិនសូវ​ទៀងទាត់​ប៉ុន្មាន​ទេ។ មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​មាន​ហាក់ដូចជា​វាយ​មិនសូវ​ល្អ​ និង​លទ្ធផល​ចាញ់​ច្រើនជាង​ឈ្នះ។ ចាន់​រាជ ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់​ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៦​ ខែ​មីនា ឆ្នាំ​២០១៩​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​ ឯ​ការប្រកួត​ចុងក្រោយ​របស់​នី​ម នន វិញ គេ​បាន​វាយ​ឈ្នះ​ សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ។​

​សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កាលពីដើមឆ្នាំ​២០១៨​កន្លងមក ដោយ​ សុខ វិ​រៈ​ ចាញ់​ លី តឿន ក្នុង​ទឹក​ទី​១។​

អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា។ ប៉ុន្តែ​លី តឿន គេ​ខ្លាំង​ និង​ល្អ ហើយ​ការ​ប្រកួត​របស់គេ​ក៏​ល្អ​ដែរ ដោយ​ឡើង​ប្រកួត​ចុងក្រោយ​នេះ ទោះបីជា​វាយ​ចាញ់​ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ក្តី ក៏​គេ​ចាញ់​ដោយ​ល្អមើល​ និង​ចាប់ចិត្ត​ដែរ។

សម្រាប់​ការជួបគ្នា​រវាង​ សុខ វិ​រៈ និង លី តឿន នេះ បើតាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ គឺ​គេ​មាន​ជំនឿ​ទុកចិត្ត​លើ ​លី តឿន​ ឈ្នះ​ច្រើនជាង។​

សល ស្រស់ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ អេ​លី​ត គឹមហុង អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ចំណែក អ្នក​ប្រដាល់​ឆៃ រ៉េត ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ជួប​ជាមួយ​ អ៊ុំ សំ​អូន អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ទម្ងន់​៦០​គីឡូក្រាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu