Ad Code

កិច្ចប្រជុំ​ ពាក់ព័ន្ធ​ការជីក​បារាយណ៍​គម្រោង​អភិវឌ្ឍន៍​របស់​ សម្ដេច​សង្ឃរាជ​



​សៀមរាប ៖ ដោយមាន​ការ​ចុះ​ផ្សាយ​នៅ​តាម​សារព័ត៌មាន​បណ្ដាញ​សង្គម​នាពេល​កន្លងមក​នោះ ពាក់ព័ន្ធ​នឹង​ការ​ជីក​យក​ដី​ធ្វើ​អាជីវកម្ម ពី​តំបន់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ទៀ សីហា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការ​ចូលរួម​ពី​អស់លោក ជា​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ​ពាក់ព័ន្ធ ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង អាជ្ញាធរ​ក្រុង លោក​ចៅសង្កាត់ តំណាង​ក្រុមហ៊ុន​ផងដែរ។

ឆ្លងតាម​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ធនធាន​ទឹក និង ឧតុនិយម​ខេត្ត បរិស្ថាន​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ កសិកម្ម​ខេត្ត និង មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត បានធ្វើការ​បញ្ជាក់​អំពី​ជីវប្រវត្តិ អំពី​អាងទឹក ទំនប់ទឹក​ជ្រាវ ដែល​មាន​ទំហំ​ផ្ទៃដី​២៨៨,៦០៣​ហិកតា ដែល​ស្តុក ទឹក​ស្រោចស្រព​បាន​លើ​ផ្ទៃដី​ស្រែប្រាំង​បាន​ជាង​៣០០​ហិកតា។

ម្យ៉ាងទៀត​ ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស គឺ​បាន​ជួយ​ដល់​ការ​តម្កល់​ទឹក​ស្តុក​នៅ​ទ្វេដង​ឡើង​ថែមទៀត ព្រម​ទាំង​ធ្វើការ​អភិវឌ្ឍន៍ វត្ត​អារាម ទី​សក្ការៈ មន្ទីរពេទ្យ បណ្ណាល័យ សាលារៀន សារមន្ទីរ អគារ​ស្នាក់​នៅ ធ្វើជា សួនច្បារ ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​ដល់​សាធារណជន ហើយ​ដី​នេះ​មិន​អាច​កែប្រែ​ស្ថានភាព​ដី ពី​ដី​សាធារណៈ​របស់​រដ្ឋ ទៅជា​ដី​ឯកជន​របស់​រដ្ឋ​ទេ។

ក្នុងនោះដែរ ​មន្ទីរ​ធនធាន​ទឹក​ក៏បាន​ឲ្យ​ដឹង​ថា ដី​ផ្ទៃ​អាង​នេះ​ ត្រូវបាន​សហគមន៍​ជ្រាវ បាន​ស្នើ​សុំ​ធ្វើ​ការ​ជីក​ស្តារ​បាត​អាង ដោយ​បាន​សុំច្បាប់​ពី​អនុញ្ញាត នៅ​ឆ្នាំ​២០១៥ ទើបតែ​ពេលនេះ​ទើប​អនុវត្ត ស្រប​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់ ​សម្ដេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ហើយក៏​ត្រូវបាន​រង​ការ​រិះគន់​ពី​សារព័ត៌មាន​បណ្ដាញ​សង្គម​ទៀត​ផង។

ម្យ៉ាងទៀត ចំពោះ​គម្រោង​នេះ​ គឺ​ត្រូវ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន បរិសុទ្ធ ប្រ​ផី​ធី មេ​នេ​ច​ម៉ិ​ន ដើម្បី​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​នេះ។
ក្នុង​ការជីក ដឹកជញ្ជូន​ដី​ចេញពី​តំបន់ អភិវឌ្ឍន៍​នេះ ក៏​ពុំ​មាន​ច្បាប់​អនុញ្ញាត​នៅឡើយ តែបើ​ធ្វើការ​ដឹក​ជញ្ជូន​នៅក្នុង​តំបន់​អភិវឌ្ឍន៍ គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ច្បាប់​ដែល រាជរដ្ឋាភិបាល​បាន​អនុញ្ញាត នៅ​ក្នុង​តំបន់​ផ្ទៃ​អាងទឹក​នេះ ទោះបី​តំបន់​ផ្ទៃ​អាង​នេះ ស្ថិតនៅក្នុង​តំបន់​២ របស់​អាជ្ញាធរ​បឹង​ទន្លេសាប គឺ​មិន​បាន​ប៉ះពាល់​ដល់​តំបន់​ព្រៃ​លិច​ទឹក សម្រាប់​ត្រី​ពង​កូន និង សត្វ​ស្លាប​រស់នៅ​ឡើយ។​

ក្នុងនោះដែរ ​តំណាង​អនុវត្ត​គម្រោង ក៏បាន​លើកឡើង​អំពី​គម្រោង​ផែនការ​របស់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌ សន្តិភាព របស់​ សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បម្រើ​នូវ​ផលប្រយោជន៍​ជា​សាធារណៈ ព្រមទាំង​ជា​តំបន់​អេកូ​ទេសចរណ៍ និង កសិ​ទេសចរណ៍ ដើម្បី​ទាក់ទាញ ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត សំខាន់​លើ​ផ្នែក​សាសនា។

លោក​បាន​បន្តទៀតថា គម្រោង​នេះ​ ក៏បាន​កំពុង ស្វែងរក​នូវ​ដៃគូ​អភិវឌ្ឍន៍ ដោយ​គម្រោង​នេះ ​ត្រូវ​ចំណាយ​ទុន​ប្រមាណ​៤០​លាន​ដុល្លារ។ ​បន្ទាប់ពី​ការ​ស្តាប់​នូវ​រាល់​ខ្លឹមសារ អត្ថន័យ​ក្នុង​កិច្ចពិភាក្សា និង សេចក្ដីរាយការណ៍​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង តំណាង​ក្រុមហ៊ុន​រួចមក មានប្រសាសន៍​នោះដែរ​ លោក ទៀ សីហា ក៏បាន​លើក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​បណ្ដា​មន្ទីរ​អង្គភាព ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​ឡើងវិញ និង ធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ដោយ​ការអនុវត្ត​នា​ពេល​កន្លងមក គឺ ពុំ​មាន​ច្បាប់​អនុញ្ញាត​នៅឡើយ ដោយ​ឈរ​លើ​គោលការណ៍​អនុញ្ញាត​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ ២៨៨,៦០៣​ហិកតា ដែល​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​តាមរយៈ​លិខិត​លេខ ៩៤៩ សជណ ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អនុញ្ញាត​ថ្វាយ​ចំពោះ ​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​។

​ក្នុងនោះ​ លោក​ក៏បាន​គូស​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​នេះ មាន​ស្ថានភាព​ធំធេង​ណាស់ ដែល​ត្រូវ​ប្រើប្រាស់​ទុន​ជាច្រើន។ ដូច្នេះ​ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​ស្របទៅនឹង​ច្បាប់​ក្រុមហ៊ុន ត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​នូវ​រាល់​ឯកសារ ដោយ​ធ្វើការ លំអិត​ទៅតាម​គម្រោង ដោយ​ទីតាំង​នេះ ​គឺមាន​អត្ថន័យ និង អត្ថប្រយោជន៍​ដ៏​ធំធេង​របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្រាប់​ទៅ​ពេលអនាគត។

ម្យ៉ាងទៀត​គម្រោង​នេះ បាន​ដំណើរការ​ទៅបាន​ប្រកបដោយ​ជោគជ័យ​នោះ គឺជា​កិត្តិយស​សម្រាប់​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង ទេសចរណ៍​ទៀត​ផង។ ក្នុងនោះ លោក​ក៏បាន​ធ្វើ​ឲ្យ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ផង​ដែរ រាល់​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សុំ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើការ​ស្មើ​សុំ ទៅ​ក្រសួង​ធម្មការ និង សាសនា ក្នុង​ការ​រៀបចំ​លើ​គម្រោង​នេះ។

ក្នុងនោះដែរ​ អង្គប្រជុំ​ ក៏បាន​ធ្វើការ​ពិភាក្សា និង ដោះស្រាយ ពី​បញ្ហា​នៅ​តំបន់​ទេសចរណ៍​បឹង​ពារាំង រវាង​សហគមន៍​នេសាទ​ចុង​ឃ្នា​ស និង សហគមន៍​ជ្រាវ ដែល​ជា​អ្នក​អភិរក្ស​ថែរក្សា បឹង​ពារាំង ដែល​ជា​ជម្រក​ត្រី​ពូជ និង ទីកន្លែង​សត្វ​ស្លាប​គ្រប់​ប្រភេទ​រក​ចំណី និង ស្នាក់នៅ ព្រមទាំង​បាន​បម្រើ​ដល់​ភ្ញៀវ​ទេសចរ និង បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជ្រាវ​ទៀត​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu