ភ្នំពេញ ៖ អនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានក្នុងភាពជាដៃគូ រវាងអង្គការសហប្រជាជាតិ ដើម្បីកម្មវិធីអភិវឌ្ឍន៍ ហៅកាត់ថា UNDP និងក្រុមហ៊ុនផ្តល់សេវាភស្តុភារឆ្លងដែនឯកជនមួយ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៩ ខែមីនានេះនាសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ។
ការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងនេះ ជាកិច្ចបើកផ្លូវឲ្យក្រុមហ៊ុនឯកជន Shenzhen 4PX Express រៀបចំប្រព័ន្ធសេវាភស្តុភារឆ្លងដែន ដែលអាចឲ្យកម្ពុជាមានសក្តានុពល ក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដើម្បីផ្តល់ភាពងាយស្រួល និងមានប្រសិទ្ធភាពដល់អតិថិជនអ្នកលក់រាយ ទីផ្សារ និងការទទួលបានព័ត៌មានពាណិជ្ជកម្ម។ ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានអត្ថប្រយោជន៍ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា វិស័យសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមរបស់កម្ពុជា នឹងមានទីផ្សារកាន់តែធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញឲ្យមានការបង្កើតនូវប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគ តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសេវាភស្តុភារ និងបង្កើន ប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្មផ្សេងៗ។
លោក និក បេរ៉េសហ្វត(Nick Beresford) តំណាងUNDPប្រចាំកម្ពុជា បានឲ្យដឹងថា ការបង្កើតប្រព័ន្ធសេវាភស្តុភារឆ្លងដែន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ មានគោលបំណងលើកកម្ពស់ និងពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមរបស់កម្ពុជា តាមរយៈការចងក្រងបណ្តាញការងារដែលមានការចូលរួមពីរាជរដ្ឋាភិបាល ធុរកិច្ចជន និងឯកត្តជន ឬអ្នកប្រើប្រាស់។ លោកបន្តថា ប្រព័ន្ធនេះនឹងផ្តល់ឱកាសដល់ការធ្វើពិពិធកម្ម និងនវានុវត្តន៍ ជួយដល់ការបង្កើតអាជីវកម្មដំបូង និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបច្ចេកទេស។
ចំណែក លោក Yue (KEVIN) Li នាយកប្រតិបត្តិក្រុមហ៊ុន 4PX Express មានប្រសាសន៍ថា សេវាភស្តុភារឆ្លងដែន នឹងបង្កើតនូវមធ្យោបាយសម្រាប់ឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីចរន្តដ៏រស់រវើក នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏ជួយឲ្យកម្ពុជាទទួលបានការវិនិយោគកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារនៅក្នុងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments