លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) បានចូលរួមមរណទុក្ខ និង ចូលបុណ្យចំនួន១០០០ដុល្លារអាមេរិក ដល់សពបុរសរត់តាក់ស៊ីម្នាក់ ដែលត្រូវជនជាតិជប៉ុន២រូបអារកសម្លាប់ប្លន់រថយន្ត កាលពីពេលថ្មីៗនេះនៅខេត្តសៀមរាប។
មុនធ្វើដំណើរត្រឡប់ទៅស្រុកកំណើតឯប្រទេសជប៉ុន ប្រធានក្លិបរូបនេះលើឡើងជុំវិញឃាត់កម្មដែលបង្កឡើងដោយជនជាតិរបស់ខ្លួនថា «ខ្ញុំបានឃើញព័ត៌មានទាំងនេះ ហើយខ្ញុំមានក្ដីរន្ធត់ និង អាណិតដល់ជនរងគ្រោះជាខ្លាំង ព្រោះគាត់ត្រូវចាកចោលប្រពន្ធ និង កូនដល់ទៅ៤នាក់។ ប្រជាជនកម្ពុជាគួរឲ្យស្រលាញ់ រួសរាយរាក់ទាក់ ហើយជួយយកអាសារខ្លាំងណាស់ ចំណែកប្រជាជនជប៉ុន ក៏មានបេះដូងបរិសុទ្ធដែរ ប៉ុន្តែនេះជារឿងមិនអាចទទួលយកបាន ដែលពួកគេ (ជនដៃដល់) ទាំង២បានធ្វើឡើង។ ខ្ញុំសូមសម្ដែងការសុំទោសជំនួសពួកគេ»។
ថៅកែក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានបន្ថែមថាលោកមានការសោកស្ដាយយ៉ាងខ្លាំង ហើយថាខ្លួនស្ទើរពុំជឿដែលជនជាតិជប៉ុនទាំង៣រូបអាចធ្វើរឿងនេះបាន។ លោកក៏បានអំពាវនាវផងដែរ ឲ្យសប្បុរសជនដទៃទៀតចូលរួមជួយឧបត្ថម្ភដល់គ្រួសារសព ពិសេសផ្គត់ផ្គង់ការសិក្សាដល់កូនទាំង៤របស់ជនរងគ្រោះ។
លោក Akihiro Kato មានមកវិនិយោគក្លិបបាល់ទាត់នៅកម្ពុជា តាំងពីឆ្នាំ២០១៥ មកម្ល៉េះពោលគឺលោកបានកសាងក្លិបឡើងវិញក្រោយថ្នាក់ដឹកនាំក្លិបត្រាយអាស៊ី ចាកចេញ ហើយពេលនោះក្លិបបានប្តូរឈ្មោះទៅជាខេមបូឌាថាយហ្គឺរ និងបន្តប្តូរឈ្មោះមកអង្គរថាយហ្គឺរ វិញពេលប្តូរមូលដ្ឋានពីរាជធានី ភ្នំពេញ ទៅកាន់ខេត្តសៀមរាប។ ពេលនេះលោកបានធ្វើដំណើរទៅប្រទេសជប៉ុនវិញក្រោយទស្សនាការប្រកួតបើករដូវកាលពីចុងសប្ដាហ៍កន្លងទៅដែលក្រុមលោកប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ហើយលោកនឹងត្រឡប់មកទស្សនាការប្រកួតផ្ទាល់របស់ក្រុមទៀតនៅពេលប្រកួតក្នុងទឹកដីលើកដំបូងរបស់ក្រុមនៅខែមេសាខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments