ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងស្ថានទូតសហ រដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិ វឌ្ឍន៍ USAID នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានរួមគ្នាចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការអនុវត្តគម្រោងនានាដែលបាន និងកំពុងទទួលការជួយគាំទ្រពី USAID ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្រសួងបានឲ្យដឹងថា យោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះគឺរួមមាន៖ កម្មវិធីទី១: ពិនិត្យគម្រោង Nourish ដែលគម្រោងនេះផ្តោតជាសំខាន់លើការបង្កើនអាហារូបត្ថម្ភដល់កុមារតូចនៅភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ កម្មវិធីទី២: ពិនិត្យខ្សែច្រវាក់ផលិតកម្ម និងរោងចក្រកែច្នៃផលិតផលផ្លែឈើរបស់ក្រុមហ៊ុន Misota រួមជាមួយការសំណេះសំណាលជាមួយប្រជាកសិករ ដែលស្ថិតនៅក្នុងគម្រោង Cambodia Harvest ជំហាន២។
កម្មវិធីទី៣ ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN) ដែលសកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបន្ទុកអនុវត្តគម្រោងផ្ទាល់នៅខេត្តបាត់ដំបង។
កម្មវិធីទី៤ បន្តដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោង Rice Field Fisheries ជំហាន២ (RFF II) ដោយគម្រោងនេះផ្តោតលើការលើកកម្ពស់ចំណីអាហារ និងអាហារូបត្ថម្ភរបស់ប្រជាជនក្រីក្រ រស់នៅតាមដងទន្លេសាបក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំតាមរយៈលើកកម្ពស់ផលិតកម្មស្រូវ ការធ្វើវារីវប្បកម្ម និងប្រព័ន្ធផលិតចំណីអាហារនិងស្បៀង៕
Source: Kampuchea Thmey Daily
0 Comments