ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០,០១គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ “Build-Operate-Transfer (BOT)” នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការដំបូងគេបំផុត និងជាប្រវត្តិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២មីនា នេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០០៦ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) លើការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។
តាមរយៈការសិក្សាចុងក្រោយបានបង្ហាញឲ្យឃើញថា គម្រោងសាងសង់នេះ មានតម្លៃខ្ពស់រហូតដល់ប្រមាណ២.០០០លានដុល្លារ ដែលធំជាងពិដាន នៃការខ្ចីប្រចាំឆ្នាំ ដែលអនុញ្ញាតដោយច្បាប់ និង កំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥−-២០១៨។ អាស្រ័យដោយមូលហេតុខាងលើ គម្រោងនេះ ត្រូវបានផ្លាស់ប្ដូរមកជាការវិនិយោគសាធារណៈតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ“ Build- Operate-Transfer (BOT)” វិញ។
ការវិនិយោគដែលអនុវត្តតាមរូបភាពសាងសង់ធ្វើអាជីវកម្ម និងផ្ទេរ (BOT)គឺអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគមានសិទ្ធប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ផ្លូវក្នុងអត្រាកំណត់មួយដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំ និងប្រភេទ នៃយានយន្តនីមួយៗ។
យោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឲ្យបញ្ចុះកម្រៃសេវាឆ្លងកាត់លើផ្លូវល្បឿនលឿននេះ ក្រុមហ៊ុន ក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និង បញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល១ឆ្នាំ បន្ទាប់ពីនោះ។
លើសពីនេះទៀត ក្រុមហ៊ុន បានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល៥ឆ្នាំម្តង នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនផងដែរ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប១៩០,០១គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨,៣០គីឡូម៉ែត្រ, ខេត្តកណ្តាលប្រវែង៩,១០គីឡូ ម៉ែត្រ,ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ, ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ២.០០០លានដុល្លារជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)តាម រយៈក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd។ ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់២៤,៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុង នោះរួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ត ទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿនរហូតដល់១០០ គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាល ទ្រូងផ្លូវទទឹង៣ម៉ែត្រ។ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រសងខាង និងចិញ្ចើមផ្លូវក្រាលក្រួស ក្រហមទទឹង០,៧៥ម៉ែត្រសងខាង។
សាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ,ស្ពានធំនិងស្ពានមធ្យមចំនួន៨០កន្លែង ប្រវែងសរុប៦.០១៥ម៉ែត្រ។ សាងសង់ផ្លូវប្ដូរទិសចរាចរណ៍ចំនួន៧កន្លែង,ផ្លូវប្រសព្វចំនួន២៨កន្លែង,ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង។ សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែងចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
គម្រោងខាងលើ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសMinco ns ult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕
Source: Kampuchea Thmey Daily
0 Comments