ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា អ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានប័ណ្ណបើកបរ និងរថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស នឹងមិនត្រូវបានអនុញ្ញាតឱ្យចេញ-ចូលកំពង់ផែឡើយ”។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍បែបនេះនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ធ្វើឡើង ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅគ្រប់ រាជធានី-ខេត្ត ការងារផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការងារឯកទេសជំនាញ ការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ សភាពការណ៍ គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត។
នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនឯកជន ក៏ដូចជារោងចក្រនានានៅកម្ពុជា ជួយរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់បុគ្គលិក កម្មករ និយោជិត និងអ្នកបើកបរ រថយន្តរបស់ខ្លួន និងបានស្នើឱ្យគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ បង្កើតក្រុមការងារប្រចាំការមួយសហការជាមួយកំពង់ផែ ដើម្បីត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរយានយន្តធុនធ្ងន់គ្មានប័ណ្ណបើកបរ មុនពេលចេញ-ចូលកំពង់ផែ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យបង្កើនកិច្ចសហការ ពង្រឹងការអនុវត្តច្បាប់ ធ្វើ យុទ្ធនាការផ្សព្វផ្សាយសាធារណៈពីច្បាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយវីដេអូអប់រំ តាមទូរទស្សន៍ពីផលលំបាក និងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាព ក៏ដូចជាស្ទីគ័រ ចំណាំងប្លាត និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ មានការកើនឡើង ចំនួន ១៣៦ករណី ស្មើនឹង ២៤% បើប្រៀបធៀបនឹងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែគ្រោះថ្នាក់ស្លាប់បានថយចុះ ១៥នាក់ ស្មើនឹង ៥%។
ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះ បង្កដោយការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងពេលស្រវឹង ងងុយ និងកត្តាយានយន្តផងដែរ ៕
Source: Kampuchea Thmey Daily
0 Comments