រតនគិរី ៖ មនុស្សប្រុស/ស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះរំសេវផាវ ដាក់នៅក្នុងដបអឹម១៥០។
ករណីផ្ទុះរំសេវផាវក្នុងដបនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
អធិការនគរបាលស្រុកតាវែង លោក អាំង ភឿក បានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសរួមមាន ៖ ទី១-ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ត្រង់ជើងខាងស្តាំ មានទីលំនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (ជនបង្ក)។ ទី២-ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់មុខ។ ទី៣-ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ធ្លាយពោះវៀន។ ទី៤-ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល។ ទី៥-ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ រងរបួសស្រាល។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន (ជនបង្ក) បានទៅទិញផ្លែសំរងនៅកន្លែងកើតហេតុ មិនទាន់ទិញបាន ក៏ទៅទិញផាវមកដាក់ចូលក្នុងដបអឹម១៥០ ឃើញដូច្នេះក្មេងនៅក្បែរនោះ ក៏នាំគ្នាទៅមើល។ ខណៈនោះដែរ ឈ្មោះ សារឿន បានជក់បារី ក៏ធ្លាក់បារីចូលទៅក្នុងដប បណ្តាលឲ្យឆេះ ហើយផ្ទុះតែម្តង។
លោកអធិការបានបញ្ជាក់ទៀតថា ជនបង្កបណ្តាលឲ្យក្មេងប្រុស/ស្រីបានរងរបួសធ្ងន់ស្រាល៤នាក់នោះ លោកនឹងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនរងគ្រោះ ដែលរងរបួសធ្ងន់ និងស្រាលទាំង៤នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments