Ad Code

ម៉ន សា​ម៉េ​ត សាកកណ្ដាប់ដៃ​ជាមួយ Vann Muchhey



អ្នក​ប្រដាល់​ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Vann Muchhey ក្នុងការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​ព្រែកកំពឹស​របស់ TV5 ។​

Vann Muchhey នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ និង​ជា​ជើងឯក​រង​ខ្សែក្រវាត់​នៅ​ស្រុកថៃ ក្នុង​ប្រភេទ​ទម្ងន់​៥៧ គ​.​ក្រ​នេះ។ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។ ​បើតាម​ លោក​ថៃ អ៊ូ ប្រតិភូ​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹងថា Vann Muchhey នេះ គេ​មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​មិន​ចាញ់ ​ហ៊ឹម សេរី នោះទេ។

លោក​ថា នៅ​ថៃ Vann Muchhey ពិបាករ​កដៃ​គូប្រកួត​ណាស់ ដូច្នេះ​ការផ្គូផ្គង​ឲ្យ​មក​ជួប ​ម៉ន សា​ម៉េ​ត​នោះ គឺ​ស័ក្ដិសម​ហើយ។​

ម៉ន សា​ម៉េ​ត មិនអាច​មើលស្រាល Vann Muchhey បានទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផងដែរ។ យ៉ាងណា សម្រាប់​ការប្រកួត​ជាមួយ Vann Muchhey នេះ ម៉ន សា​ម៉េ​ត ត្រូវតែ​ប្រយ័ត្ន​កណ្ដាប់ដៃ​របស់គេ ព្រោះថា​កណ្ដាប់ដៃ​របស់គេ​រហ័ស លឿន។

តែ​យ៉ាងណា Vann Muchhey ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ម៉ន សា​ម៉េ​ត គេ​ក៏​វាយ​ខ្លាំង ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​មិន​ចាញ់ Vann Muchhey ទេ​។​

ម៉ន សា​ម៉េ​ត មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១៤៦​លើក ក្នុងនោះ​វាយ​ឈ្នះ​១០៨​លើក ចាញ់​៣៣​លើក និង​ស្មើ០៥​លើក​។

ចំណែក Vann Muchhey គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក​ និង​មិនដែល​ស្មើ។ ចាំមើល រវាង​ម៉ន សា​ម៉េ​ត និង Vann Muchhey តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

សូមបញ្ជាក់ថា ម៉ន សា​ម៉េ​ត គេ​ទើបតែ​ឈ្នះ​ពានរង្វាន់​ជើងឯក​Knock Out Series by K.cement ទម្ងន់​៥៧​គីឡូក្រាម​ កាលពី​ថ្ងៃទី​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​កន្លងមកនេះ បន្ទាប់ពី​គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ ធន អៀង​ឡៃ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu