Ad Code

ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ ជួយ​អភិរក្ស សម្បត្តិ​វប្បធម៌​ក្នុងភូមិ​សាស្ត្រ



ស្ទឹងត្រែង​ ៖ ​​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បានស្នើ​ឲ្យ​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង​បំផុសស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ ពិសេស​សម្បត្តិ​វប្បធម៌​ក្នុងភូមិ​សាស្ត្រ​ឲ្យ​នៅ​គង់វង្ស និង​ចៀសវាង​កុំ​ឲ្យ​នាំគ្នា​ចម្លង​យក​វប្បធម៌​បរទេស។

ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១ នៅ​សាលាខេត្ត​ស្ទឹងត្រែង​កាលពី​ថ្មីៗ​នេះ ឯកឧត្តម ហ៊ឺ​.​វីរៈ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បានស្នើ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​រាប់​បញ្ចូល​ទាំង​វប្បធម៌​រូបិយ​ និង​អរូបិយ មាន​ដូចជា​អក្សរសាស្ត្រ រូបចម្លាក់ ក្បាច់​ផ្កា​ភ្ញី សំលៀកបំពាក់ របាំ ល្ខោន ចម្រៀង​បុរាណ សម័យ ជាដើម។

ឯកឧត្តម​ពន្យល់​ថា ​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​ក្នុងភូមិ​សាស្ត្រ​នេះ​ ធ្វើឡើង​រួមមាន​ស្នាដៃ​បទ​ចម្រៀង​អធិរាជ​ស៊ីន​ ស៊ី​សាមុត ​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​របស់​ខ្មែរ​ផង​ដែរ។ ជាង​នេះ​ទៀត​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​ ដែល​មាន​តំបន់​ប្រវត្តិសាស្ត្រ​ ត្រូវតែ​បង្កើន​កិច្ចសហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​កុំ​ឱ្យ​បាត់បង់​សំណាក​ដើម​ ព្រោះ​វា​មាន​សារៈសំខាន់​ដល់​ការស្រាវជ្រាវ​ និង​មាន​ប្រយោជន៍​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

លោកស្រី​ញើ​ច សារឿន​ប្រធានស្តីទី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ​ខេត្តស្ទឹងត្រែង​ បានលើកឡើង​ថា កន្លងមក​មន្ទីរ​ធ្លាប់​បាន ផ្សព្វផ្សាយ​ច្បាប់​ពាក់​ព័ន្ធ​ នឹង​ការ​អភិរក្ស​វប្បធម៌​ជា​ញឹកញាប់​ដែរ រួមទាំង​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ​(​យុវជន​ដើម្បី​វប្ប​ធម៌)។

លោកស្រី​បន្តថា ​៖ ​នៅ​ឆ្នាំ​២០១៩​នេះ ​មន្ទីរ​បាន​លើក​គម្រោង​បន្ថែម​លើកស្ទួយ​តម្លៃ​សម្បត្តិ​វប្បធម៌​ដូនតា​ជាពិសេស​កេរដំណែល​បទ​ចម្រៀង​លោក ស៊ីន​ស៊ី​សាមុត​ ដែលមាន​ដើមកំណើត​នៅ​ខេត្តស្ទឹងត្រែង ​ត្រូវបាន​ក្រសួង​វប្បធម៌​ចាត់ទុក ជា​ចំណែក​មួយ​នៃ​វប្បធម៌ ​និង​បានដាក់​ងារ​ជា​អធិរាជ​សំឡេង​មាស​ថែម ទៀត​នៅក្នុង​សម័យ​បច្ចុប្បន្ននេះ។

គួរ​រំលឹកថា ​៖ ​កន្លងមក មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ សហការគ្នាជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ​បាន​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​វប្បធម៌​ឲ្យ​បាន​ទូលំទូលាយ​រួច​មក​ហើយ ​ដល់​ស្រទាប់​យុវជន​ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម ​និង​តម្លៃ​វប្បធម៌​ខ្មែរ​ឲ្យ​មាន​កិត្តិនាម​កាន់តែ​ល្បីល្បាញ​ថែម ទៀត។
សូមបញ្ជាក់ថា ​នៅ​ខេត្តស្ទឹងត្រែង​ក្រៅ​ពីបទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​ស៊ីន ​ស៊ី​សាមុត នៅមាន​តួ​ប្រាសាទ​សិលា​ចារិក​ជា​មរតក​ដូនតា ដែល​នៅ​សេសសល់​ចំនួន​៩​កន្លែង បង្ហាញ​ពី​សម្បត្តិ​វប្បធម៌​ក្នុងភូមិ​សាស្ត្រ ដែល​ទាមទារ​ឲ្យ​មានការ​ថែរក្សា​និង​អភិរក្ស​ឲ្យ​នៅ​គង់វង្ស៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu