Ad Code

បាត់​រថយន្ត​ប្រភេទ​៥​តោន ​ពី​ក្រុងព្រះសីហនុ​ពេលព្រឹក ​រក​ឃើញ​នៅ​ភ្នំពេញ​ពេល​រសៀល​ដោយសារ​ប្រព័ន្ធ​GPS



​ភ្នំពេញ​ ៖ រថយន្ត​ប្រភេទ​៥​តោន​មួយគ្រឿង​ ត្រូវ​តៃកុង​ប្រើល្បិច​ប្រាប់​ម្ចាស់​ថា​ យក​រថយន្ត​ទៅ​ជួស​ជុល​ ស្រាប់តែ​បាត់​មិនអាច​ទាក់ទង​បាន ពេល​មើល​តាម​GPS ក៏​ដឹងថា ​ជនសង្ស័យ​ បាន​បើក​ពី​ខេត្ត​ព្រះសីហនុ​ មកដល់​ភ្នំពេញ​ ហើយ​ ត្រូវ​ម្ចាស់ ​និង​ក្រុមគ្រួសារ​តាមរក​ឃើញតែ​រថយន្ត ​ឯ​អ្នកបើកបរ​រត់​គេច​ខ្លួន​បាត់ស្រមោល​។​

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ​ខែ​មីនា ​នៅត្រង់ចំណុច​មុខ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​វី​តា​ល់ ​ផ្លូវ​លេខ​៥៩៨​ ភូមិ​ទួល​ថ្ងាន់​ សង្កាត់​ទួល​សង្កែ​២ ​ខណ្ឌ​ឫស្សី​កែវ​។​

​ម្ចាស់​រថយន្ត​ ឈ្មោះ ទុំ ចាន់​រតនា ភេទ​ប្រុស ​អាយុ៣១ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។ ចំណែក​រថយន្ត​ដែល​ជនសង្ស័យ​ប៉ុន​ប៉ង​លួច​មិនបាន​សម្រេច​នោះ​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-0980 ប្រភេទ​ចំណុះ៥​តោន អ្នក​បើកបរ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ឡើយ​ ទើបតែ​ចូលធ្វើ​ការ​បើក​បរ​រថ​យន្ត​ខាង​លើ​បាន​ត្រឹមតែ​មួយអាទិត្យ​ប៉ុណ្ណោះ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​ថ្ងៃ​២១​ ខែ​មីនា​ ឆ្នាំ​២០១៩​ ជន​សង្ស័យ​ខាងលើ ​បាន​ប្រាប់​ម្ចាស់​រថយន្ត​ថា រថយន្ត​ខូច​ ហើយ​ខ្លួន​បាន​យក​រថយន្ត​ចេញពី​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទៅ​ជួលជុល ​ក្រោយពី​បើករថយន្ត​ចេញ​មក​ ជនសង្ស័យ​បិទ​ទូរស័ព្ទ​រហូត​ ទាក់ទង​អត់​បាន​សោះ។​

​ប្រភព​បាន​បន្តថា បន្ទាប់មក​ ម្ចាស់​មានការ​សង្ស័យ​ ភ្ញាក់ផ្អើល​ បាននាំគ្នា​ដើររក​ពេញ​ក្រុង​ព្រះសីហនុ​ តែ​រក​មិនឃើញ ​ហើយ​ក៏បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​បង់​រំលស់ ព្រោះ​រថយន្ត​ខាងលើ​ទើបតែ​​បង់​រំលស់ មិនទាន់​ចប់​ ហើយ​ខាង​ក្រុមហ៊ុន​បាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ​ភ្ជាប់​នឹង​រថយន្ត​នោះ​​ ​រហូតដល់​ម៉ោង​កើតហេតុ​ ខាង​ក្រុមហ៊ុន​បាន​ទាក់ទង​មក​ម្ចាស់​ប្រាប់​ថា​ រថយន្ត​ត្រូវបាន​ជន​សង្ស័យ​បើក​មក​ចត​ចោល​នៅ​ចំណុច​ខាងលើ។​ បន្ទាប់មក​ ម្ចាស់​រថយន្ត ​ក៏បាន​ទាក់ទង​មក​ក្រុម​គ្រួសារ​ដែល​រស់នៅ​ភ្នំពេញ​ឲ្យ​ទៅ​មើ​ល ខណៈ​មកដល់​ ក៏​ឃើញ​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​ មាន​ស្នាម​ដោះ​ស្លាក​លេខ​មុខក្រោយ​បាត់​អស់ ហើយ​ជនសង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល​។​

​ក្រោយពី​ឃើញ​រថយន្ត ​ក្រុមគ្រួសារ​បាន​រត់​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​២​ ឲ្យ​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ ដោយ​ធ្វើ​សោ ​បាន​បើកទ្វារ​ពិនិត្យ​រកឃើញ​ស្លាក​លេខ​តែមួយ​សន្លឹក ហើយ​មួយ​សន្លឹក​ទៀត​បាត់​។​ បន្ទាប់មក ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​២​ ដើម្បី​ឲ្យ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​យក​រថយន្ត​ត្រឡប់ទៅផ្ទះ​វិញ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu