ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នឹងធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩មីនា ដល់ ថ្ងៃទី៤មេសា។
បើតាមនាយកដ្ឋានអប់រំកាយ កីឡាសិស្ស និង និស្សិតបានយដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម។
ការប្រកួតឆ្នាំនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់ គឺមាន២៥ក្រុម ដោយលេងលើទីលានស្តង់ដារ សម្រាប់សិស្សបឋមសិក្សា ប្រភេទកីឡាបាល់ទះមាន២៥ក្រុម និងបាល់បោះមាន១៩ក្រុម។ កីឡាទាំង៣ប្រភេទនេះ គឺលេងតាម រូបភាពចម្រុះដោយក្រុមនីមួយៗត្រូវដាក់កីឡាករ កីឡាការិនីបញ្ចូលគ្នាលេងតែម្ដង។ ចំពោះប្រភេទកីឡាអត្តពលិកម្មមាន២៤ក្រុម។
សូមបញ្ជាក់ថា កម្រិតបឋមសិក្សាមិនមានបញ្ចូលប្រភេទកីឡាវាយកូនឃ្លីលើតុ និងប៉េតង់ឡើយ។
នាយកដ្ឋានអប់រំកាយ កីឡាសិស្ស និង និស្សិត បានប្រាប់បណ្ដារាជធានី-ខេត្ត ដែលត្រូវមកចូលរួមក្នុងការប្រកួតកីឡាសិស្សបឋមសិក្សានេះ អោយដឹងពីទីកន្លែងសម្រាប់កីឡាករ-កីឡាការិនី និងប្រតិភូ ពីសណ្ឋាគារសម្រាប់កីឡាករ-កីឡាការិនីស្នាក់នៅ ពីទីកន្លែងសម្រាប់កីឡាករ-កីឡាការិនី និងប្រតិភូបរិភោគអាហារ ពីរថយន្ដដែលត្រូវជិះពីកន្លែងស្នាក់នៅឆ្ពោះទៅទីលានប្រកួត។
ក្រសួងអប់រំយុវជន និង កីឡាបានធ្វើការកែទម្រង់ប្រកួតពីការស្នាក់នៅតាមសាលារៀន បរិភោគអាហារដែលមិនសូវមានកាឡូរីមកឲ្យស្នាក់នៅសណ្ឋាគារ ឬ ផ្ទះសំណាក់ដែលប្រហាក់ប្រហែលសណ្ឋាគារ និងបរិភោគអាហារដែលមានគុណភាពចំពោះអត្តពលិក។
តែយ៉ាងណា ដោយសាររដូវនេះ ជារដូវមនុស្សរៀបមង្គលការហេតុនេះ ការរកចុងភៅ ឬ បរិភោគនៅតាមសណ្ឋាគារជួបការលំបាក ហេតុនេះ ការបរិភោគនាយកដ្ឋានសម្រេចជួលចុងភៅ មកធ្វើអាហារឲ្យនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments