ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន៥២គ្រួសារនៅភូមិព្រែកទាល់២ សង្កាត់ស្ទឹងមានជ័យ១ បានទទួលការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជចន្ទមុន្នី ថ្នាក់ដឹកនាំអង្គការមូលនិធិកុមារកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញគ្រប់លំដាប់ថ្នាក់រួមនឹងសប្បុរសជន និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងចំនួន៥២ គ្រួសារ និងបានពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន រួមមានសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់ផ្តល់ជូនជនរងគ្រោះក្នុងការប្រើប្រាស់និងការរស់នៅប្រចាំថ្ងៃបណ្ដោះអាសន្ន ដែលនៅក្នុងនោះក្នុងមួយគ្រួសារទទួលបានអង្គរ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ១កេស ទឹកក្រូច១កេស ក្រមា២ សារុង២ ភួយ១ និងថវិកា 40 ម៉ឺនរៀល ព្រមទាំងបានប្រគល់សម្ភារៈថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនដល់អង្គការមូលនិធិកុមារកម្ពុជាផងដែរ។
លោកស្រី ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៥២ គ្រួសារ ដែលលោកទាំងពីរបានគិតគូរយកចិត្តទុកដាក់សុខទុក្ខជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
លោកស្រីបានបញ្ជាក់ថា គ្រាន់តែសម្ដេចទាំងពីរ បានទទួលព័ត៌មានភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏បានចាត់ឲ្យក្រុមការងារចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានផ្ដល់នូវអំណោយជាសម្ភារៈ ថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនភ្លាមៗផងដែរ។
លោកស្រីបញ្ជាក់ថា ដោយយល់ពីការលំបាក និងជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានសម្រេចសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២គ្រួសារ ។
លោក Scott Neeson បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះដោយបានផ្ដល់ទាំងសម្ភារៈថវិកា គ្រឿងឧបភោគបរិភោគ និងជាពិសេសថែមទាំងបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២ គ្រួសារបន្ថែមទៀត។ ប្រធានអង្គការរូបនេះក៏បានបញ្ជាក់ថា នេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេច ហើយលោកបន្ថែមថាតាមរយៈការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់នេះ លោកសង្ឃឹមថា នឹងឃើញសហគមន៍មួយនេះក្លាយទៅជាសហគមន៍មួយដែលអភិវឌ្ឍ និងគ្មានគ្រឿងញៀន។
សូមបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ពីសុខទុក្ខក្នុងការផ្ដល់នូវសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២ គ្រួសារនៅតំបន់នេះអាជ្ញាធររាជធានីភ្នំពេញក៏នឹងគ្រោងតបណ្ដាញទឹកស្អាត និងធ្វើឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត លិខិតស្នាក់នៅ សៀវភៅគ្រួសារជាដើម។ ក្រៅពីនោះចំពោះកុមារាកុមារីឬអ្នកជំងឺដែលមានជំងឺដោយសារអាកាសធាតុក្តៅនៅតំបន់នេះ ក៏ទទួលការព្យាបាលពីសំណាក់អង្គការមូលនិធិកុមារកម្ពុជានិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ៕
Source: Kampuchea Thmey Daily
0 Comments