Ad Code

វី​ហ្គោ ​បោល​បុក​រថយន្ត​សង្គ្រោះ​បន្ទាន់ ទាំង​យប់​រំលង​អធ្រាត្រ



រតនគិរី​ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​វី​ហ្គោ​ បុក​ជាមួយ​រថយន្ត​សង្គ្រោះ​របស់​នគរ​បាល​ចរាចរណ៍​ខេត្ត​ បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ។

ករណី​​​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃអាទិត្យ ៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨A ចំណុច​ផ្លូវបំបែក​សណ្ឋាគារ​អា៑ង​មុន្នី​រតនៈ ស្ថិតនៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​សង្គ្រោះ​នគរបាល​ចរាចរណ៍​ខេត្ត​ឈ្មោះ ជឹម សាវឿន ភេទ​ប្រុស មុខរបរ​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត រង​បួស​ស្រាល។

ចំណែក​ម្ចាស់​រថយន្ត​វី​ហ្គោ មានឈ្មោះ រួន ភេទ​ប្រុស ដោយ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​ស្លាក​លេខ​រថយន្ត​ និង​មុខងារ​តួនាទី ទីលំនៅ​បច្ចុប្បន្ន​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ដោយ​រថយន្ត​សង្គ្រោះ​បើកបរ​ពី​លិច​ទៅ​កើត ចំណែក​រថយន្ត​វី​ហ្គោ​ បើកបរ​ពី​កើ​តទៅ​លិច ​ហើយ​បាន​បត់​ឆ្វេង​មិនបាន​ប្រុងប្រយ័ត្ន​ ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​សង្គ្រោះ​យ៉ាង​ពេញទំហឹង​តែម្ដង។

បច្ចុប្បន្ន​ រថយន្ត​ទាំង​២​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu