កណ្តាល ៖ ជនសង្ស័យពីរនាក់ ម្តាយ និងកូន បានរួមគំនិតគ្នា ល្បួងនារីម្នាក់ ឲ្យទៅធ្វើការនៅផ្ទះខ្លួនរួចប្រើល្បិចហៅភ្ញៀវមករួមភេទ និងបន្តយកនាងទៅតាមខេត្ត ដេកជាមួយភ្ញៀវ ចុងក្រោយអស់លក្ខណ៍ ត្រូវនគរបាលចាប់វាយខ្នោះ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទីនៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ន ស រ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់ ទី០១-ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូទាយមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ទី០២-ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតុការ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូទស្សន៍ទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានជិះឡានតាក់ស៊ី មកទស្សន៍ទាយឲ្យ ឈ្មោះ ន ស រ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា ៖ ចុងខែបី ដើមខែបួននេះ មានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះគេចខ្លួនចេញពីផ្ទះសិនទៅ បើចង់ធ្វើការងារ អ៊ំទុកលេខទូរស័ព្ទ០៩៦ ៧៦២ ០៨៤ ៤ និង០៩៧ ៥០១ ៥២៧ ៩ ឲ្យទាក់ទងអ៊ំទៅ។ ក្រោយពីទស្សន៍ទាយរួចរាល់ ឈ្មោះ អួន សារ៉ន ក៏ជិះឡានតាក់ស៊ីត្រឡប់ទៅផ្ទះវិញ។
លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២៥នាទី ឈ្មោះ ន ស រ បានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ ឈ្មោះ អួន សារ៉ន លុះដល់ម៉ោង១៩និង០០នាទី ឈ្មោះ ឡេង សាវន ហៅឌួង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាប់ទឹកកក(កូនបង្កើតអួន សារ៉ន) បានទូរស័ព្ទហៅមនុស្សប្រុសម្នាក់ ឲ្យមកដេកជាមួយ ឈ្មោះ ន ស រ នៅផ្ទះរបស់ អួន សារ៉ន ដោយមនុស្សនោះបានឲ្យប្រាក់ចំនួន៥០.០០០រៀល ថ្លៃដេករួមភេទ រួចមនុស្សប្រុសនោះ ក៏ចេញទៅបាត់ទៅ។ លុះដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០នាទី ឈ្មោះ អួន សារ៉ន បានជិះឡានឈ្នួលនាំឈ្មោះ ន ស រ ទៅដេករួមភេទជាមួយតាចាស់ម្នាក់ នៅផ្ទះសំណាក់ផ្លូវបំបែកគោដេកបី ទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា អ្ហែងធ្លាប់រកស៊ីអញ្ចឹងអត់ ជនរងគ្រោះ បានឆ្លើយថា ខ្ញុំមិនធ្លាប់រកស៊ីអញ្ចឹងទេ រួចតាចាស់នោះ មិនដេកជាមួយជនរងគ្រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០រៀល(ដប់ម៉ឺនរៀល) ទៅជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
នគរបាលបញ្ជាក់ថា ក្នុងថ្ងៃដដែល ម៉ោង២២និង១០នាទី ឈ្មោះ ឡេង សាវន ហៅឌួង(កូនស្រីអួនសារ៉ន)បាននិយាយថា ថ្ងៃនេះគ្មានលុយបង់អង្គការទេអញ រកម៉ូយឲ្យដេកជាមួយជនរងគ្រោះ ដើម្បីយកលុយបង់អង្គការ។ ពេលនោះ ជនរងគ្រោះស្តាប់ឮ បានតេទូរស័ព្ទប្រាប់បងជីដូនមួយឲ្យមកយកខ្លួនចេញពីផ្ទះ អួន សារ៉ន ត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ និងកម្លាំងនគរបាលស្រុកលើកដែក នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments