Ad Code

ស្ថាប័ន​អប់រំ IDP កម្ពុជា​រៀបចំ​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​ណូ​វែ​ល​ហ្សេ​ឡង់



ភ្នំពេញ​ ៖ ​ស្ថាប័ន​អប់រំ IDP កម្ពុជា​បាន​រៀបចំ​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​ណូ​វែ​ល​ហ្សេ​ឡង់​ កាលពី​ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០១៩ នៅ​សាលា ACE សាខា​ទួល​ទំពូង​ដោយមាន​ការចូលរួម​ពី​អ្នកតំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន ១២​នាក់​និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ប្រមាណ​៤០០​នាក់​។



​ជា​រៀងរាល់​ឆ្នាំ កម្មវិធី​ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា និង​បើក​ឲ្យ​សាធារណជន​អាច​ចូលរួម​ដោយ​សេរី មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ។



​កម្មវិធី​ពិព័រណ៍​នេះ​ បាន​ផ្តល់​ឱកាស​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថ្នាក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ទទួល​បាន​ការ​ពិគ្រោះ និង​ណែនាំ​ទៅលើ​ជម្រើស​សិក្សា កម្មវិធីសិក្សា​ផ្សេងៗ និង​រួម​ទាំង​ឱកាស​ការងារ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ​។ ព័ត៌មាន​ទាក់ទង​នឹង​កម្មវិធីសិក្សា​ផ្សេងៗ​ទៀត និង​ព័ត៌មាន​ពី​តម្រូវ​ទិដ្ឋាការ​នានា ក៏បាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផងដែរ​។



លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ «​ការ​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​យ៉ាងច្រើន​កុះករ​ពី​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុ​ជានា​ថ្ងៃនេះ សរ​បញ្ជាក់​អោយឃើញ​ពី​ការ​ប្រែក្លាយ​ប្រជាប្រិយភាព​នៃ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ជា​ប្រទេស​ទិសដៅ​សិក្សា​ដ៏​ល្បីល្បាញ​មួយ​។​»

ដោយឡែក មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី ការ​ចុះ​ឈ្មោះ​ប្រលង និង​ការ​ត្រៀម​ប្រលង IELTS​។ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​ណូ​វែ​ល​ហ្ស​ឡង់​។​



​លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ «​អ្នកតំណាង​ដែល​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​ការសិក្សា​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ជួបពិភាក្សា​ជាមួយ​សិស្ស និស្សិត​ជាង ៤០០ នាក់​ដើម្បី​ជជែក និង​ពិគ្រោះ​ដោយផ្ទាល់ និង​បាន​ផ្តល់​នូវ​ចម្លើយ​ទៅកាន់​ចម្ងល់​ជាច្រើន​របស់​សិស្ស​ដែល​បាន​ចូលរួម​ទៀត​ផង​។ លើសពី​នេះ អ្នកជំនាញ​ប្រឹក្សា​ការសិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ក៏​មាន​វត្តមាន​ផ្ទាល់​នៅក្នុង​កម្មវិធី ដែល​ជា​គុណសម្បត្តិ​មួយទៀត​សម្រាប់​សិស្ស និស្សិត​ដែល​បាន​អញ្ជើញ​មក​ចូលរួម​» ។



IDP Education គឺជា​ស្ថាប័ន​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរ​តួនាទី​ក្នុង​ការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។ ការ​ប្រឹក្សា និង​ការ​បំពេញ​ទម្រង់​បែបបទ​សិក្សា ដែល​ផ្តល់​ជូន​ដោយ​ស្ថាប័ន IDP ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។

នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត​និង អាណាព្យាបាល​អាច​ធ្វើ​ការ​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ប​ន្ថែ​ម​ទាក់ទង​ការសិក្សា​នៅ​បរទេស នៅ​គ្រប់​ការិយាល័យ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP ផ្ទាល់​ដែលមាន​ទីតាំងនៅ​គ្រប់​សាខា នៃ​សាលា ACE ភ្នំពេញ និង​សៀមរាប​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu