ឆ្លងកាត់ប្រកួតសប្ដាហ៍ដំបូងក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League)ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមគីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ បានស្រវាកៅអីកំពូលតារាងបណ្តោះអាសន្ន ខណៈកីឡាករ Souleymane Coulibaly ជនជាតិម៉ាលី របស់ក្រុមមួយនេះកំពុងតែឈរកំពូលតារាងអ្នករកគ្រាប់បាល់បញ្ជូលទីបានច្រើនជាងគេ (Top Scorers)។
កីឡាករ Souleymane Coulibaly បានរកគ្រាប់បាល់៣គ្រាប់ម្នាក់ឯង (ហេទ្រីក) ពេលគីរីវង់សុខសែនជ័យ យកឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៤ទល់១ កាលពីចុងសប្ដាហ៍កន្លងទៅ។ ចំណែកម្ចាស់គ្រាប់បាល់១៣នាក់ផ្សេងទៀតដែលរកបានគ្រាប់បាល់ម្នាក់១គ្រាប់តាមពីក្រោយមានដូចជា សារី តៃម៉ូ របស់ខេត្តកំពង់ចាម, Reiya Kinoshita របស់ក្រុមគីរីវង់សុខសែនជ័យ, សៀង ចន្ធា របស់យុវជនសាលាបាល់ទាត់ជាតិបាទី, Paulo vitor និង នៅ សុខសិលា របស់ភ្នំពេញក្រោន, លី មីហ្សាន, Angle Cattascosa របស់បឹងកេត, Yeon Gi-sung និងនេន សុធារ័ត្ន របស់ព្រះខ័នរាជស្វាយរៀង, កាន់ ពិសាល របស់ក្រសួងការបារជាតិ, Ramos Alexis Damian របស់អង្គរថាយហ្គឺរ និងឡេង មករា របស់ណាហ្គាវើល។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុមជើងឯកលីគកំពូលកម្ពុជា មានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត។
តាមគម្រោងក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩ នេះទៅកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបង្អស់ នោះគណៈកម្មការរៀបចំការប្រកួតនឹងប្រគល់ពានរង្វាន់ (ឬហៅថាស្បែកជើងមាស) ព្រមទាំងថវិកាលើកទឹកចិត្តចំនួន១.៥០០,០០០៛។ កីឡាករជនជាតិនីហ្សេរីយ៉ា George Bisan អតីតសមាជិកនៅក្លិបណាហ្គាវើលបច្ចុប្បន្នជាម្ចាស់ស្បែកជើងមាសឆ្នាំចាស់២០១៨ កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments