Ad Code

លោក Trudeau បដិសេធ​ការធ្វើ​ខុស​ស្របពេល​កំពុង​តស៊ូ​ជាមួយ​វិបត្តិ​នយោបាយ​



នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​ការចោទប្រកាន់​ចំពោះ​ការជ្រៀតជ្រែក​មិន​សមស្រប​ក្នុងការ​កាត់ទោស​ក្រុមហ៊ុន​ធំ​មួយ​ ខណៈដែល​មេដឹកនាំ​របស់​ប្រទេស​នេះ ​កំពុង​ប្រយុទ្ធ​ត​ស៊ួ​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ចាប់តាំងពី​ចូលកាន់​តំណែង​មក.

ខណៈ​ប្រឈម​នឹង​ការអំពាវនាវ​ឲ្យ​លាលែង​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​នេះ លោក Trudeau បាន​ដោះស្រាយ​ការចោទប្រកាន់​នេះ​នៅក្នុង​សន្និសីទកាសែត​ពេលព្រឹក​មួយ​នៅ​ទីក្រុង​អូ​តា​វ៉ា​ដោយ​និយាយថា លោក​បាន​រៀន​មេរៀន​ពី​វិបត្តិ​នេះ​ប៉ុន្តែ​បាន​បដិសេធ​ការធ្វើ​ខុស​ណាមួយ​។​

រង្វង់​ផ្នែក​ខាងក្នុង​របស់លោក Trudeau ត្រូវបាន​គេ​ចោទប្រកាន់ថា​បានដាក់​សម្ពាធ​លើ​អតីត​អគ្គរាជអាជ្ញា​របស់លោក​ឲ្យ​ការពារ​ក្រុមហ៊ុន​វិស្វកម្ម​កាណាដា SNC-Lavalin ពី​ការកាត់ទោស​ពីបទ​សូកប៉ាន់​។​

ករណីនេះ​បាន​បង្ក​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​ដៃស្តាំ​លោក Trudeau និង​រដ្ឋមន្ត្រី​ពីររូប​ខណៈ​ការគាំទ្រ​សម្រាប់​នាយករដ្ឋមន្ត្រី​រូបនេះ​និង​គណបក្ស​សេរីនិយម​របស់គាត់​បា​ន​ធ្លាក់ចុះ​ជា​លើកដំបូង​នៅក្រោម​គណបក្សប្រឆាំង​, ប្រាំពីរ​ខែ​មុន​ការបោះឆ្នោត​ទូទៅ​មួយ​។​

ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នាយករដ្ឋមន្ត្រី​វ័យ​៤៧​ឆ្នាំ​រូបនេះ​បាន​ទទួលស្គាល់ថា លោក​បានលើកឡើង​អំពី​បញ្ហា​នៃ​ការកាត់ទោស​ដែល​មិនទាន់​សម្រេច​នេះ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែកញ្ញា​ឆ្នាំមុន​ជាមួយ​អគ្គរាជអាជ្ញា​លោកស្រី Jody Wilson-Raybould ដែល​បាន​លាលែង​ពី​តំណែង​ដោយសារតែ​វិបត្តិ​នេះ​។ លោក​បាន​និយាយថា ពួកគេ​បាន​ពិភាក្សា​អំពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​របស់​វា​ទៅលើ​ការងារ​នៅក្នុង​មូលដ្ឋាន​បោះឆ្នោត​ក្រុង Montreal របស់លោក​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌​សភា លោកស្រី Wilson-Raybould បាន​និយាយថា លោកស្រី​បានទទួល​រង​នូវ​សម្ពាធ​ជាប់លាប់​និង​ធ្ងន់ធ្ងរ​ពី​រង្វង់​ផ្នែក​ខាងក្នុង​របស់លោក Trudeau ដើម្បី​ឲ្យ​ជ្រៀតជ្រែក​ក្នុងករណីនេះ​រួមទាំង​ការគំរាមកំហែង​លាក់បាំង​ផងដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trudeau បាន​វាយបក​វិញ​ថា “​មិនមាន​ការដាក់​សម្ពាធ​មិន​សមរម្យ​ទេ​”​។ លោក​បាន​អះអាង​ជាថ្មី​ដល់​លោកស្រី Wilson-Raybould ថា ការសម្រេច​ណាមួយ​គឺធ្វើឡើង​ដោយ​លោកស្រី​តែម្នាក់ឯង​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu