ភ្នំពេញ ៖ អណ្ដូងទឹកមួយ បានឆក់យកជីវិតកសិករ៣នាក់អោយស្លាប់យ៉ាងរន្ធត់ភ្ញាក់ផ្អើលពេញភូមិនៅមុនថ្ងៃចូលឆ្នាំខ្មែរនេះ ដោយសារតែក្នុងអណ្ដូងទឹកនោះ គ្មានអុកស៊ីហ្សែនទ្រទ្រង់ដង្ហើមដក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះទាំង៣នាក់ ដែលស្លាប់ក្នុងអណ្ដូងទឹកដោយសារតែគ្មានអុកស៊ីហ្សែនដកដង្ហើមនោះ ទី១ មានឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ ។ ជនរងគ្រោះទី២ មានឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ និងជនរងគ្រោះទី៣ មានឈ្មោះ ធុន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
ពាក់ព័ន្ធដល់ការស្លាប់របស់ជនរងគ្រោះទាំង៣នាក់នេះ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ មានម្នាក់ បានចុះតទុយោបូមទឹក ក្នុងអណ្តូង ដែលមានជម្រៅ ៦ ទៅ ៧ម៉ែត្រ ដោយហេតុថាខែប្រាំងនេះខ្សត់ទឹក ពិបាកក្នុងការយោងទឹកឡើងមកប្រើប្រាស់ ។
ពេលអ្នកទី១ចុះទៅក្នុងអណ្ដូងមួយសន្ទុះ ក៏ស្រាប់តែដួលទៅក្នុងទឹកអណ្ដូង។ ឃើញដូច្នេះ ២នាក់ទៀតដែលនៅខាងលើក៏ចុះទៅជួយលើកគ្នា តែគ្រាន់តែចុះទៅដល់បាតអណ្ដូងក៏ដួលសន្លប់ទាំងអស់គ្នាទៅ ទម្រាំអ្នកភូមិដឹងមកជួយ អ្នកទាំង៣នាក់បានស្លាប់បាត់អស់ទៅហើយ ដោយសារអត់អុកស៊ីហ្សែនដកដង្ហើម។
ក្រោយកើតហេតុភ្ញាក់ផ្អើលពេញភូមិ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយក្នុងពេលតែមួយនោះ នៅក្នុងភូមិគេឮសម្រែកទួញសោករបស់ក្រុមគ្រួសារសពឡើងទ្រហឹងអឺងអាប់ជាមួយនឹងសំឡេងភ្លេងខ្លងខែកបីទិសព្រមគ្នា៕
Source: Kampuchea Thmey Daily
0 Comments