កំពង់ឆ្នាំង ៖ សួនផ្កាឈូករ័ត្ន យ៉ាងស្រស់ស្អាត ដែលមានភាពទាក់ទាញ នៅមាត់ច្រាំងទន្លេផ្សារក្រោម ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលអាជ្ញាធរខេត្តបានលំអ បានក្លាយទៅជា សួនកម្សាន្តនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដែលជាការទាក់ទាញភ្ញៀវ និងអ្នកចូលចិត្តផ្កាទៅថតរូបលេងកម្សាន្ត ទុកជាអនុស្សាវរីយ៍បានយ៉ាងសប្បាយរីករាយ។
លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកជួយឧបត្ថម្ភដាំផ្កា និងគណៈកម្មការទទួលបន្ទុករៀបចំដាំដើមផ្កាឈូករ័ត្នបានអោយដឹងថា ៖ កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបង្កើតគណៈកម្មការដាំផ្កាឈូករ័ត្ននៅមាត់ទន្លេ ក្នុងគោលបំណងឲ្យរីកទាន់ក្នុងពិធីធ្វើបុណ្យទន្លេ ដែលបានប្រព្រឹត្តកន្លងទៅថ្មីៗ នេះ។ ប៉ុន្តែយ៉ាងនេះក្តី ផ្កាឈូករ័ត្នមិនបានរីកទាន់ ចំ ថ្ងៃធ្វើពិធីបុណ្យទន្លេនោះ ឡើយ ផ្ទុយទៅវិញ ដល់រដូវបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្កាឈូករ័ត្ន បានរីកយ៉ាងស្រស់បំព្រងពេញច្រាំងទន្លេ នៅសួនច្បារ មាត់ទន្លេដើមពោធិ៍ផ្សារក្រោម។
លោក ស៊ុំ សុជាតិ បានបន្តថា ៖ កាលពេលដាំដំបូង គឺគោលបំណងឲ្យរីកទាន់បុណ្យទន្លេ ដែលការផ្កានេះលោកចំណាយថវិកាអស់ប្រមាណជាង១ម៉ឺនដុល្លារ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែផ្ការីកមិនបានរីកទាន់បុណ្យទន្លេក៏ពិតមែន តែមកពេលនេះផ្កាឈូករ័ត្នបានរីកគ្រប់ដើមអស់ហើយ ឃើញស្អាតល្អណាស់ មានអ្នកចូលចិត្តថតជាមួយផ្កាយ៉ាងច្រើននៅពេលរសៀលជារៀលរាល់ថ្ងៃ ទុកជាអនុស្សាវរីយ៍។
ចំពោះការចំណាយដាំផ្កានេះអស់ថវិកាច្រើនក៏ពិតមែន ប៉ុន្តែគ្រាប់ផ្កាឈូករ័ត្នមានទីផ្សារ គ្រាន់បើដែរ គឺក្នុង១គីឡូក្រាម ថ្លៃ៣ម៉ឺនរៀល ហើយឈ្មួញទិញទៅលក់វិញ ១គីឡូក្រាមថ្លៃ២០ដុល្លារ ឬស្មើ៨ម៉ឺនរៀល ដែលខ្លះគេទិញយកទៅធ្វើពូជ ខ្លះទិញទៅធ្វើជាគ្រឿងក្លែមជាដើម តែយើងមិនមែនធ្វើអាជីវកម្មទេ គឺគ្រាន់តែដាំលំអ ក្រុងតែប៉ុណ្ណោះ។ ចំណែកពូជផ្កាឈូករ័ត្ន ដែលលោកយកមកដាំ គឺជាពូជឈូករ័ត្នរបស់ខ្មែរ ដែលមាន 3 ប្រភេទ ដែលសុទ្ធសឹងជាប្រភេទគ្រាប់ផ្កាឈូករ័ត្ន មានសារធាតុប្រេងច្រើន គឺអាចព្យាបាលជំងឺក្បាលជង្គង់ផងដែរ នៅឆ្នាំក្រោយលោកនឹងដាំអោយបានច្រើនជាងនេះ បន្ទាប់ពីបានទុកពូជខ្លះ និងលក់ទៅអោយទីផ្សារដើម្បី ស្រង់ដើមបានខ្លះៗ៕
Source: Kampuchea Thmey Daily
0 Comments