ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា ជនដៃដល់ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ ដែលមហាជន ឱ្យរហស្សនាមថាជនដៃរន្ទះ ដែលទះកំភ្លៀងនារីម្នាក់មួយដៃបណ្ដាលអោយដួលដាច់ផ្ងារអុកគូទទៅនឹងថ្នល់នៅផ្សារកណ្ដាល ត្រូវបានព្រះរាជអាជ្ញាអមតុលាការសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះ ជនត្រូវចោទចៀសមិនផុតពីការឃុំខ្លួននៅថ្ងៃទី១៣មេសា ឆ្នាំ២០១៩នេះទេ។ ពាក់ព័ន្ធការចាប់ខ្លួន និងចោទប្រកាន់បុរសឈ្មោះ ឡោ ប៊ុនភ័ក្រ,ឋ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញថ្លែងថា កន្លងមក ជនសង្ស័យធ្លាប់ជាប់គុកព្រៃសម្ដងរួចមកហើយរយៈពេល១ឆ្នាំក្នុងឆ្នាំ២០០៧ដល់ឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលត្រូវបានប្តឹងដោយឪពុកម្ដាយបង្កើតតែម្ដង។
កាលពីថ្ងៃទី៩ខែមេសា ឆ្នាំ២០១៩នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញមានករណីហិង្សាមួយកើតឡើងដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយមានឈ្មោះថា ទូច លីនដា ត្រូវបានបុរសឈ្មោះ ឡោ ប៊ុនភ័ក្រ ទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។
បើតាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារដើម្បីទិញបាយហូបហើយពេលដើរត្រឡប់មកវិញដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាងក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថាបើកប្រញាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឮដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។
បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថ បានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបានប្រហែល១ខែប៉ុណ្ណោះ។
នៅចំពោះមុខសមត្ថកិច្ចនិងតុលាការ ឡោ ប៊ុនភ័ក្រ បានសារភាពទទួលកំហុសថា ពិតជាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន៕
Source: Kampuchea Thmey Daily
0 Comments