Ad Code

អាជ្ញាធរ ​៖ ​ការ​ស្តារ​ត្រពាំង​ខ្មោច គឺ​ដើម្បី​ទុក​ទឹក​ឲ្យ​អ្នកភូមិ​ប្រើប្រាស់​តែប៉ុណ្ណោះ​



សៀមរាប​ ៖ អាជ្ញាធរ​ឲ្យ​ដឹង​ថា ករណី​ស្តារ​ត្រពាំង​បុរាណ​ឈ្មោះ​(​ត្រពាំង​ខ្មោច​) ក្នុង​តំបន់ហាមឃាត់​នោះ តាមពិត​អាជ្ញាធរ​សង្កាត់​នគរធំ​និង​ពលរដ្ឋ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្តារ​ត្រពាំង នោះ​យក​ទឹក​ទុក​ឲ្យ​អ្នកភូមិ​ប្រើប្រាស់​តែប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​ជីក​កាយ​ដី​ត្រពាំង​បុរាណ​ដូច​ការលើកឡើង​របស់​បណ្តាញ​សង្គម​នោះឡើយ​។



ទីតាំង​កំពុង​ស្តារ​នេះ នៅ​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​) ដែល​ស្ថិតនៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប​។ ស្ថិតនៅក្នុង​តំបន់​ការពារ​ទី​១​នៃ​ឧទ្យាន​អង្គរ​។

យោង​តាម​លិខិត​មួយ របស់​អាជ្ញាធរ​អប្សរា ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ ឆ្នាំ​២០១៩ មាន​ចុះហត្ថលេខា​ដោយ​លោក​ហង់ ពៅ អគ្គនាយក​ស្ដីទី បាន​ជម្រាប​ជូន លោក​ង៉ា ចុង ចៅសង្កាត់​នគរធំ​។​ កម្មវត្ថុ​៖​សំណើ​សុំ​បន្ត​ការដ្ឋាន​ស្ដារ​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​)​ឡើងវិញ ដែល​ស្ថិតនៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប​។



នៅក្នុង​លិខិត​បាន​បញ្ជាក់​ថា ត្រូវ​ស្ដារ​ក្នុង​ជម្រៅ​១.៥​ម៉ែត្រ ដោយមាន​ការគ្រប់គ្រង ត្រួតពិនិត្យ​បច្ចេកទេស និង​ផ្ដល់​យោបល់​ទៀងទាត់​ពី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​។ បើ​ទោះ​បី​ត្រពាំង​ខ្មោច​នេះ​ ត្រូវ​បាន​ស្ដារ​រួចរាល់ មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​សង្កាត់​យក​ទីតាំង​ត្រពាំង​បុរាណ​នេះ​ រៀបចំ​ជា​កន្លែង​លក់ដូរ​ប្រកប​អាជីវកម្ម​ផ្សេង​នៅ​តាម​ខ្នង​ត្រពាំង​ឬ​ចិញ្ចឹម​ត្រី​ក្នុង​ត្រពាំង​ឡើយ​។ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បម្រើការ​ងារ​ដឹក​ជញ្ជូន​អាចម៍ដី​ស្ដារ​ត្រពាំង​តាមផ្លូវ​កៅស៊ូ​នៅពេល​យប់​បាន​ចាប់ពី​ម៉ោង​៨​យប់​ដល់​១១​យប់ ដោយ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុង​ការ​សំអាត​តាម​ដងផ្លូវ​។



ការងារ​ស្ដារ​ត្រពាំង​បុរាណ​(​ត្រពាំង​ខ្មោច​)​នេះ​ត្រូវ​បញ្ចប់​ក្នុង​ខែមេសា​ឆ្នាំ​២០១៩​ជា​កំហិត​។​ក្រុមហ៊ុន ដែល​កំពុង​កាយ​ត្រពាំង​បុរាណ​នេះ ឈ្មោះ សករាជ ខន​ស្ត្រា​ក់សិន​។​ ករណីនេះ​ម្ចាស់​ក្រុមហ៊ុន សករាជ ខន​ស្ត្រា​ក់សិន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​កាយ​ត្រពាំង​នោះ គឺ​លោក​បាន​ដោះស្រាយ​គោលនយោបាយ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ។ ដី​នោះ​មាន​ទំហំ​ជាង​៦​ហិកតា​។ ការ​កាយ​នោះ​មានការ​អនុញ្ញាត​ពី​សង្កាត់​។​ នៅ​រសៀល​ថ្ងៃទី​២៩​នេះ​មិនអាច​ទាក់ទង លោក​ង៉ា ចុង ចៅសង្កាត់​នគរធំ ដើម្បី​បកស្រាយ​បាន​នៅឡើយ​ទេ​។



អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក ឡុង កុសល បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​នេះ​ថា ករណី​ស្តារ​ត្រពាំង​បុរាណ​ឈ្មោះ​(​ត្រពាំង​ខ្មោច​) ក្នុង​តំបន់ហាមឃាត់​នោះ តាមពិត​អាជ្ញាធរ​សង្កាត់​នគរធំ​និង​ពលរដ្ឋ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្តារ​ត្រពាំង នោះ​យក​ទឹក​ទុក​ប្រើប្រាស់​តែប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​ជីក​កាយ​ដី​ត្រពាំង​បុរាណ​ដូច​ការ​លើក​ឡើង​របស់​បណ្តាញ​សង្គម​នោះ​ឡើយ​។

លោក​បន្ត​ថា ការ​ស្តារ​ត្រពាំង​នោះ​ គឺ​មាន​កម្រិត​ត្រឹម​១​ម៉ែត្រ​កន្លះ ពេល​ស្តារ​រួចរាល់​និង​ត្រូវ​បញ្ឈប់ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ផង​ដែរ​។ ​លោក​បន្ថែម​ថា សូម​មហាជន​កុំ​យល់​ច្រឡំ​តទៅទៀត ព្រោះ​អាជ្ញាធរ ធ្វើ​អ្វី​ក៏ដោយ​ទៅតាម​ច្បាប់​កំណត់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu