ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ១គ្រឿងឌុបបងប្រុសជីដូនមួយរបស់ខ្លួនត្រឡប់មកពីហូបការសាច់ញាតិ ឆ្ពោះទៅផ្ទះវិញ ក្នុងល្បឿនលឿន តាមពីក្រោយរថយន្តដឹកស៊ីម៉ងត៍១គ្រឿង ពេលឡានជាន់ហ្វ្រាំងបន្ថយល្បឿនប្រថុចញ៉ុចពេក ធ្វើឲ្យជនរងគ្រោះវាក់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បានបុកពីក្រោយរថយន្តដឹកស៊ីម៉ងត៍នោះពេញទំហឹង បណ្ដាលឲ្យយុវជនអ្នកឌុបបែកក្បាល និង បាក់.កស្លាប់ ចំណែកបងប្រុសជីដូនមួយជិះពីក្រោយរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះហៅផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចខាងជើងខ្លោងទ្វារវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជន ដែលស្លាប់ ឈ្មោះ ណាត នឹម អាយុ២៤ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកបងប្រុសជីដូនមួយដែលរងរបួសឈ្មោះ ថន អាយុ៣១ ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិជាមួយគ្នានោះដែរ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនរងគ្រោះទាំង២នាក់ បងប្អូនជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BZ-4667 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ ខណៈនោះក៏មានរថយន្តដឹកស៊ីម៉ងត៍១គ្រឿង ម៉ាកនីស្សាន់ឌីសែល ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1226 ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នានៅខាងមុខផងដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តដឹកស៊ីម៉ងត៍បានជាន់ហ្វ្រាំងបន្ថយល្បឿនយ៉ាងប្រថុចញ៉ុចបំផុត ព្រោះមានយានយន្តខាងមុខបន្ថយល្បឿនដែរ។
ប្រភពខាងលើបានបន្តថា បន្ទាប់ពីជួបស្ថានភាពបែបនេះ ជនរងគ្រោះបានបាត់បង់ម្ចាស់ការក្នុងការបើកបរមិនអាចជាន់ហ្វ្រាំងឈប់ ឬគេចចេញទាន់ឡើយ ក៏ជ្រុលទៅបុកពីក្រោយរថយន្តនេះយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល ហើយយុវជនអ្នកបើកបរម៉ូតូ បែកក្បាល និងបាក់.ក ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ ដោយឡែក បុរសម្នាក់ទៀតដែលត្រូវជាបងប្រុសជីដូនមួយរងរបួសធ្ងន់ធ្ងរ ហើយក្រោយពេលកើតហេតុ រថយន្តបានបើករត់បានចម្ងាយប្រមាណជាង១០០ម៉ែត្រ ទើបឈប់ រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានទៅចូលរួមពិធីមង្គលការសាច់ញាតិនៅក្នុងភូមិភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លុះពេលហូបការរួចបាននាំគ្នាជិះម៉ូតូក្នុងបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសលក៏បានជួបនឹងឧប្បត្តិគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់តែម្ដង។
បន្ទាប់មក ជនរងគ្រោះ ដែលរងរបួស ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះ រីឯអ្នកស្លាប់ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង និងនាំរថយន្ត និងម៉ូតូ ទៅរក្សាទុកចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments